Sergio Aguero ព្រលះអាជ្ញាកណ្តាលចាស់ដៃ ក្រោយស្ទើរតែធ្វើឲ្យអាហ្សង់ទីនធ្លាក់

អតីតកីឡាករបាល់ទាត់ Sergio Kun Aguero បានធ្វើការថ្កោលទោសទៅលើការកាត់សេចក្តីរបស់លោក Antonio Mateu Lahoz ជាខ្លាំង ក្នុងជំនួបរវាងក្រុមជម្រើសជាតិអាហ្សង់ទីនទល់និងក្រុមហូឡង់កាលពីពេលថ្មីៗនេះ។

ក្នុងការប្រកួតមួយនេះ លោក Antonio Lahoz ហាក់មានភាពឆេវឆាវជាខ្លាំង ដោយបានប្រើប្រាស់កាតលឿងចំនួន 14 ក្នុងមួយប្រកួត ស្របពេលដែលកីឡាករបានប៉ះទង្គិចពាក្យសម្តីស្ទើរតែមានការវាយតប់ជាច្រើនលើកច្រើនសារ។ អ្វីដែលរឹតតែចម្រូងចម្រាស់ខ្លាំងនោះ លោក Lahoz បានផ្តល់បានពិន័យ free-kick នៅចុងម៉ោងយ៉ាងគ្រោះថ្នាក់មួយដល់ក្រុមហូឡង់ ជាហេតុដែលការប្រកួតបានអូសបន្លាយទៅដល់ការទាត់បាល់កាត់សេចក្តី 11 ម៉ែត្រសម្រេចយកក្រុមខ្លាំងមួយឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

Sergio Aguero បានសរសេរនៅក្នុងគណនី Twitter ផ្ទាល់របស់ខ្លួនថា “អាជ្ញាកណ្តាលមួយរួបនេះចូលចិត្តទាក់ទាញចំណាប់អារម្មណ៍ខ្លាំងពេកហើយ លោកអើយ”។ យ៉ាងណាក្តី អាហ្សង់ទីននៅតែអាចបន្តទៅមុខ​ ដោយបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយត្រូវជួបក្រុមក្រូអាតដែលទើបបំបាក់ប្រេស៊ីលយ៉ាងភ្ញាក់ផ្អើលក្នុងបាល់ 11 ម៉ែត្រកាត់សេចក្តីដូចគ្នា៕

ប្រភព : ESPN