កាលបរិច្ឆេទសម្រាប់ការបង្ហាញជាផ្លូវការរបស់ក្លឹប Real Madrid សម្រាប់កីឡាករ Kylian Mbappe ត្រូវបានកំណត់ ខណះដែលរូបគេត្រៀមចាកចេញពី Paris Saint-Germain លើការផ្ទេរដោយគ្មានតម្លៃខ្លួននាពេលដ៏ខ្លីខាងមុខនេះ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca Mbappe នឹងត្រូវបានបង្ហាញជាកីឡាកររបស់ក្រុម Madrid នៅថ្ងៃព្រហស្បតិ៍ទី 6 ខែមិថុនា ខាងមុខនេះ។ កីឡាករសញ្ជាតិបារាំងរូបនេះគ្រោងនឹងមកដល់ប្រទេសអេស្ប៉ាញនៅសប្តាហ៍ក្រោយដើម្បីចុះហត្ថលេខាជាមួយក្រុម Real Madrid មុនពេលត្រូវបានបង្ហាញជាផ្លូវការតាមទម្រង់ប្រពៃណីរបស់ពួកគេទៅកាន់សារព័ត៌មាន និងអ្នកគាំទ្រ។
គួររំលឹកផងដែរថា Real Madrid បានព្យាយាមនាំយក Mbappe មកកាន់កីឡដ្ឋាន Bernabeu ចាប់តាំងពីឆ្នាំ 2017 មកម្ល៉េះ ដោយក្លឹបយក្សរបស់អេស្ប៉ាញស្ទើរតែបានជោគជ័យកាលពីរដូវកាលមុន ជាអកុសលខ្សែប្រយុទ្ធរូបនេះបានចុះកុងត្រាបន្តនៅ PSG ដែលបណ្តាលអោយ Real Madrid បញ្ចេញអាកប្បកិរិយាខុសពីមុន។ យ៉ាងណាក្តី Mbappe នឹងបញ្ចប់កិច្ចសន្យាបច្ចុប្បន្នរបស់គាត់នៅ PSG ក្នុងខែមិថុនានេះ ហើយនឹងអាចចូលរួមជាមួយ Real Madrid ដោយមិនគិតថ្លៃនាកាលបរិចេ្ឆទដែលបានកំណត់៕