សហព័ន្ធបាល់ទាត់របស់ប្រទេសហូឡង់ បានស្នើរនូវការកែប្រែ 5 ចំណុចធំៗទៅកាន់ស្ថាប័នបាល់ទាត់ ទាំងក្នុងទ្វីបអឺរ៉ុប ក៏ដូចជាសហព័ន្ធបាល់ទាត់ពិភពលោក FIFA ដែលអាចជាការកែប្រែយ៉ាងធំសម្រាប់កីឡាបាល់ទាត់ទាំងស្រុង។
វិធីសាស្ត្រជាច្រើនត្រូវបានបញ្ចូលទៅក្នុងបាល់ទាត់ ដោយមានដូចជាការប្រើប្រាស់ VAR នឹងការកែប្រែទៅលើបាល់ប៉ះដៃនឹងចំនួនកីឡាករបម្រុងដែលអាចប្តូរចូលក្នុងការប្រកួតមួយៗ ដែលបានធ្វើអោយមានឥទ្ធិពលគួរអោយកត់សម្គាល់។ យ៉ាងណាក្តី លោក Gijs de Jong ដែលជាអគ្គលេខាធិការនៃសហព័ន្ធបាល់ទាត់ហូឡង់បានចេញមកស្នើរអោយដាក់នូវចំណុចទាំង 5 នេះដែលសហព័ន្ធគ្រោងនឹងណែនាំចូលការប្រកួត។
ជាដំបូង សហព័ន្ធចង់បានការទាត់បាល់មកជំនួសការបោះបាល់ ដែលបានប្រើប្រាស់ជាយូរលង់មកហើយ។ ពួកគេក៏ចង់ឱ្យមានការដាក់ឱ្យប្រើប្រាស់ច្បាប់ដែលដកកីឡាករចេញជាបណ្តោះអាសន្នពេលបង្កកំហុសផងដែរ ដោយសំណើរមួយនេះត្រូវបានក្រុមប្រឹក្សាសមាគមបាល់ទាត់អន្តរជាតិ ពិភាក្សារួចហើយ។ ពួកគេក៏មានបំណងក្នុងការណែនាំនូវការបញ្ជូនបាល់អោយខ្លួនឯងនៅពេលទាត់បាល់ពិន័យ free-kick និងការផ្លាស់ប្តូរគ្មានដែនកំណត់ ដែលនឹងអនុញ្ញាតឱ្យអ្នកគ្រប់គ្រងធ្វើការប្តូរកីឡាករបានច្រើនតាមដែលពួកគេចង់បានពេញមួយការប្រកួត។ ការផ្លាស់ប្តូរច្បាប់ដ៏សំខាន់បំផុតកើតឡើងនៅក្នុងសំណើចុងក្រោយរបស់ពួកគេ ដែលទាមទារអោយមួយតង់មានរយៈពេល 30 នាទីពីរ ជំនួសអោយ 45 នាទី។ ពួកគេក៏បានស្នើអោយពេលវេលាប្រកួតត្រូវផ្អាករាល់ពេលដែលមានបញ្ហាក្នុងទីលាន ដើម្បីធានាថាគ្រប់ការប្រកួតដែលធ្វើឡើង គឺមានថេរវេលា 1 ម៉ោងពេញ៕