Carlo Ancelotti ទម្លាយនូវគម្រោងចូលនិវត្តន៍ជាមួយ Real Madrid មុនការប្រកួត Champions League វគ្គផ្តាច់ព្រ័ត្រ

លោក Carlo Ancelotti បាននិយាយថាគាត់នឹងពិចារណាចូលនិវត្តន៍ពីអាជីពអ្នកចាត់ការបន្ទាប់ពីកិច្ចសន្យារបស់គាត់ជាមួយ Real Madrid ផុតកំណត់នៅឆ្នាំ 2026 ខាងមុខ។

Ancelotti ត្រូវបានផ្សារភ្ជាប់យ៉ាងជិតដិតជាមួយនឹងតំណែងជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិប្រេស៊ីលនៅរដូវក្តៅឆ្នាំ 2023 ខណៈដែលគាត់ត្រូវបានគេប្រាប់ឱ្យទៅចូលរួមនៅពេលដែលកិច្ចសន្យារបស់គាត់ជាមួយ Real Madrid ផុតកំណត់ក្នុងខែមិថុនា ឆ្នាំ 2024 ។ ទោះជាយ៉ាងណាក៏ដោយ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយក្លឹបនៅក្នុងខែមករាឆ្នាំនេះដែលនឹងរក្សាគាត់នៅ Santiago Bernabeu រហូតដល់ឆ្នាំ 2026។

កាលពីពេលថ្មីៗនេះ លោក Ancelotti បានផ្តល់នូវតម្រុយមួយដែលអាចធ្វើអោយអ្នកគាំទ្រក្រុមសាំបាប្រេស៊ីលខកចិត្ត ដោយបាននិយាយនៅក្នុងកិច្ចសម្ភាសន៍មួយថា គាត់នឹងបញ្ចប់អាជីពគ្រូបង្វឹកនៅ Real Madrid ប៉ុន្តែពេលនេះគាត់បានដាក់ការផ្តោតអារម្មណ៍ទាំងស្រុងទៅលើការដណ្តើមពាន Champions League ជូនក្លឹប។ អ្វីដែលកាន់តែពិសេសនោះគឺ គាត់បានបន្ថែមទៀតថា ដរាបណាក្លឹបនៅត្រូវការគាត់ លោក Carlo Ancelotti មិនមានបំណងក្នុងការទទួលនូវសំណើរពីក្លឹបផ្សេងណាទៀតឡើយ៕