Chelsea គ្រោងនឹងយកកីឡាករមួយរូបនេះធ្វើធ្នាក់ទាញយក Victor Osihmen

ក្លឹបតោខៀវ Chelsea គ្រោងនឹងប្រើប្រាស់ខ្សែប្រយុទ្ធ Romelu Lukaku ដើម្បីធ្វើជាកាតាលីករក្នុងការជម្រុញក្តីសង្ឃឹមនៃការនាំយកកីឡាករ Victor Osihmen ពីក្លឹប Napoli នៅរដូវក្តៅនេះ ចំពេលរូបគេមិនទាន់ចុះកុងត្រាថ្មីនៅឡើយ។

សារព័ត៌មានក្នុងស្រុករបស់អ៊ីតាលីបានលើកឡើងថា Chelsea អាចនឹងតាមយកហត្ថលេខារបស់ខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ា ដោយការប្រើប្រាស់ Lukaku រួមជាមួយនឹងប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីបញ្ចុះបញ្ចូលអោយក្លឹបយក្សអ៊ីតាលីមួយនេះយល់ព្រមបើកផ្លូវអោយខ្សែប្រយុទ្ធជួរមុខរបស់ខ្លួនដើរចេញនៅទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខនេះ។ គួររំលឹកផងដែរថា Chelsea បានចាប់អារម្មណ៍ជាមួយ Osihmen ជាយូរលង់មកហើយ តែពេលនេះពួកគេត្រូវជួបការប្រកួតប្រជែងពី Paris Saint-Germain ដែលកំពុងស្វែងរកខ្សែប្រយុទ្ធដែលមានសមត្ថភាពក្នុងការជំនួស Kylian Mbappe។

យ៉ាងណាក្តី Osihmen ទំនងជានឹងជ្រើសរើសការផ្លាស់ទៅលេងនៅ Premier League ដោយនេះបានផ្តល់ទំនុកចិត្តយ៉ាងខ្លាំងទៅដល់ក្លឹបមានមូលដ្ឋាននៅទីក្រុងឡុងដ៍។ ការដាក់ Lukaku នៅលើតុចរចារគឺជាក្បាច់ពិសេសមួយដែល Chelsea នឹងប្រើប្រាស់ ស្របពេលដែល Napoli កំពុងធ្វើការទាក់ទងជាមួយលោក Antonio Conte ដែលជាអតីតគ្រូរបស់ Chelsea ហើយតែងតែលើកសរសើរសមត្ថភាពរបស់ខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្សិក ដោយនេះអាចនឹងដាក់សម្ពាធអោយ​ Napoli ក្នុងការទទួលយកនូវសំណើររបស់ Chelsea៕