ខ្សែការពារក្រុមជម្រើសជាតិអង់គ្លេស កីឡាករ Harry Maguire បានសម្រេចចិត្តមិនដកឃ្លាពីបាល់ទាត់រយះពេលខ្លីនោះឡើយ ស្របពេលដែលរូបគេរំពឺងថានឹងរៀបចំខ្លួនរួចរាល់សម្រាប់ការប្រកួត EURO នាខែក្រោយ។
អតីតប្រធានក្រុមបិសាចក្រហម Man United រូបនេះត្រូវបានបញ្ចូលទៅក្នុងបញ្ជីកីឡាករបឋម 33 នាក់របស់លោក Gareth Southgate សម្រាប់ការប្រកួតពានទ្វីបអឺរ៉ុប ទោះបីរូបគេមិនបានបង្ហាញខ្លួនសម្រាប់ក្លឹបតាំងពីថ្ងៃទី 27 ខែមេសា ដោយសារបញ្ហារបួសសាច់ដុំក៏ដោយ។ Maguire បានខកខានក្នុងការលេងវគ្គផ្តាច់ព្រ័ត្រពាន FA Cup ទល់នឹង Man City ដើម្បីលើកពានតែមួយគត់សម្រាប់ Man United នៅរដូវកាលនេះ។
បើយោងតាមសារព័ត៌មាន Daily Mail ពេលនេះ Maguire បានសម្រេចចូលខ្លួនមកហ្វឹកហាត់ ដោយមិនយកពេលសម្រាកវិស្សមកាលដូចមិត្តរួមក្រុមមួយចំនួនរបស់គេនោះឡើយ។ កីឡាករវ័យ 31 ឆ្នាំរូបនេះបានចូលមកជំរុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិមុនកីឡាករដទៃជាច្រើន ដោយរូបគេបានមកហ្វឹកហាត់ជាមួយកីឡាករ Luke Shaw នឹង Anthony Gordon ដែលសុទ្ធសឹងទើបជាពីបញ្ហារបួសមុនដាច់រដូវកាល 2023-2024៕