Chelsea សម្រេចនាំយកគ្រូ Leicester ដែលធ្លាប់ជាអតីតជំនួយការរបស់ Pep

គ្រូបង្វឹករបស់ក្រុម Leicester City ពោលគឺលោក Enzo Maresca ត្រូវបានគេរាយការណ៍ថាយល់ព្រមក្នុងការឡើងមកកាន់តំណែងជាគ្រូបង្វឹកអចិន្ត្រៃយ៍សម្រាប់ក្រុមតោខៀវ Chelsea ក្រោមកិច្ចសន្យារហូតដល់ទៅ 5 ឆ្នាំ។

យោងតាមអ្នកជំនាញទីផ្សារដោះដូរកីឡាករ លោក Fabrizio Romano បានទម្លាយកាលពីពេលថ្មីៗនេះថា Chelsea បានឈានដល់កិច្ចព្រមព្រៀងក្នុងការនាំយកលោក Maresca មកជាគ្រូបង្វឹកថ្មី ដោយត្រូវជំនួសតំណែងដែលបន្សល់ដោយលោក Mauricio Pochettino ក្រោយដើរចេញពីក្លឹបក្រោមការសម្រេចចិត្តរួមមួយ។ កិច្ចសន្យារបស់លោក Maresca អាចនឹងត្រូវបន្ថែមពីលើមួយឆ្នាំទៀត ដោយនេះមានន័យថាគាត់អាចនៅដឹកនាំ Chelsea រហូតដល់ឆ្នាំ 2030 ប្រសិនបើមិនមានបញ្ហាអ្វីទេនោះ។

ប្រភពដដែលបានអោយដឹងថា Leicester នឹងទទួលបាននូវប្រាក់សំណងមួយចំនួនពី​ Chelsea សម្រាប់គ្រូបង្វឹកសញ្ជាតិអ៊ីតាលីដែលបានជួយក្រុមអោយឡើងមកលេងនៅ Premier League វិញ។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺលោក Maresca ធ្លាប់ធ្វើការជាជំនួយការគ្រូបង្វឹករបស់លោក Pep Guardiola ហើយការនៅក្រោម​ Pep រយះពេលប៉ុន្មានរដូវកាលមានន័យថា លោក Maresca បាននាំយកមកនូវទស្សនះបាល់ទាត់ នឹងទម្រង់លេងដែលមានភាពស្រដៀងទៅនឹងក្រុម Manchester City ដែលកំពុងទទួលភាពជោគជ័យយ៉ាងខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ៕