បិសាចក្រហម Manchester United អាចនឹងត្រូវហាមមិនឱ្យចូលរួមប្រកួតក្នុងក្របខ័ណ្ឌ Europa League នារដូវកាលក្រោយដោយសារតែច្បាប់ UEFA អំពីភាពជាម្ចាស់នៃក្លឹបលើសពីមួយរបស់ម្ចាស់ភាគហ៊ុនថ្មី។
ក្លឹបបារាំង Nice និង Man United ដែលជាប់ពាក់ព័ន្ធជាមួយប្រធានក្រុមហ៊ុន INEOS លោក Sir Jim Ratcliffe សុទ្ធតែមានឈ្មោះសម្រាប់ការប្រកួត Europa League នៅរដូវកាលក្រោយ។ ទោះជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិរបស់ UEFA ចែងថាក្លឹបដែលមានម្ចាស់ដូចគ្នាមិនអាចប្រកួតប្រជែងក្នុងការប្រកួតដូចគ្នាបាននោះឡើយ ដែលចាប់តាំងពីពេលនោះមកមានការសង្ស័យអំពីលទ្ធភាពនៃការចូលរួមលេងពានទ្វីបអឺរ៉ុបរបស់ Man United។
វាត្រូវបានគេអះអាងពីមុនថាបិសាចក្រហមអាចនឹងធ្លាក់ទៅ Europa Conference League បន្ទាប់ពីបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់ទាបជាង Nice ក្នុងលីកកំពូលរៀងៗខ្លួន ដោយ Man United បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 8 ខណៈដែល Nice បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 5 ក្នុងលីកកំពូលបារាំង។ ជាលទ្ធផល ក្រុមហ៊ុន INEOS បានចេញនូវសេចក្តីថ្លែងការណ៍ខ្លីមួយ ដោយបានបញ្ជាក់ថាខ្លួនពិតជាដឹងអំពីបញ្ហាប្រឈមសម្រាប់ក្លឹបទាំងពីរ ហើយក្រុមហ៊ុនបានធ្វើការទាក់ទងផ្ទាល់ទៅកាន់ UEFA ដោយដំណោះស្រាយអាចនឹងត្រូវរកឃើញមុនពេលរដូវកាល 2024-2025 ចាប់ផ្តើមជាផ្លូវការ៕