តុលាការនៅប្រទេសអេស្ប៉ាញបានបញ្ជាអោយមានការស៊ើបអង្កេតជាផ្លូវការទៅលើអតីតខ្សែការពារក្រុមអ្នកមានបុណ្យ Barcelona ពោលគឺកីឡាករ Gerard Pique ជុំវិញករណីនៃកិច្ចព្រមព្រៀងសម្រាប់ការប្រកួត Spanish Super Cup នៅប្រទេសអារ៉ាប៊ីសាអូឌីត។
ការស៊ើបអង្កេតជាផ្លូវការមួយត្រូវបានចាប់ផ្តើមជុំវិញតួនាទីដែលត្រូវបានចោទប្រកាន់របស់អតីតខ្សែការពារអេស្ប៉ាញ នៅក្នុងកិច្ចព្រមព្រៀងមួយដែលបានឃើញការផ្ទេរការប្រកួត Spanish Super Cup ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត នេះបើយោងតាមសារព័ត៌មាន The Athletic ។ ជាថ្នូរនឹងការសម្របសម្រួលការរៀបចំនេះ ក្រុមហ៊ុនរបស់ Pique ពោលគឺ Kosmos បានចរចារកិច្ចព្រមព្រៀងជាមួយសហព័ន្ធបាល់ទាត់អេស្ប៉ាញ ដែលនឹងផ្តល់ឱ្យ សហព័ន្ធបាល់ទាត់អេស្ប៉ាញ ជាមួយនឹងកញ្ចប់ទឹកប្រាក់រហូតដល់ទៅ 400 លានអឺរ៉ូ។ ពេលនេះ បុរសអាយុ 37ឆ្នាំ ត្រូវបានបញ្ចូលជាផ្លូវការទៅក្នុងបញ្ជីបុគ្គលដែលជាកម្មវត្ថុនៃការស៊ើបអង្កេតជាផ្លូវការលើបទល្មើសសង្ស័យនៃអំពើពុករលួយ។
ចាប់តាំងពីខែមិថុនា ឆ្នាំ 2022 តុលាការបានកំពុងពិនិត្យមើលថាតើអតីតប្រធានសហព័ន្ធ លោក Luis Rubiales បានប្រព្រឹត្តបទឧក្រិដ្ឋនៃការគ្រប់គ្រងមិនសមរម្យ នៅពេលដែលសហព័ន្ធបានសម្រេចចិត្តផ្លាស់ប្តូរព្រឹត្តិការណ៍នេះដោយភ្ជាប់ជាមួយអាជីវកម្មរបស់ Pique។ កាលពីខែមីនា ប៉ូលីសបានជូនដំណឹងដល់ Rubiales ថាគាត់គឺជាជនសង្ស័យនៅក្នុងការស៊ើបអង្កេត បន្ទាប់ពីគាត់បានត្រលប់មកពីសាធារណរដ្ឋដូមីនីកែន។ នៅក្នុងការស៊ើបអង្កេតអំពើពុករលួយ ប៉ូលីសបានឆែកឆេរផ្ទះរបស់ Rubiales និងទីស្នាក់ការកណ្តាលរបស់សហព័ន្ធ កាលពីខែមីនា ហើយបានឃាត់ខ្លួនបុគ្គលចំនួន 7 នាក់ អំឡុងពេលការស្វែងរកមោះផងដែរ ដោយការស៊ើបអង្កេត គ្រោងនឹងបន្តធ្វើខណះដែល Pique នៅតែមានសេរីភាពក្នុងការការពារខ្លួនពីរឿងក្តីមួយនេះ៕