Emiliano Martinez សង្គ្រោះមួយបាល់ចុងម៉ោង ជួយឲ្យអាហ្សង់ទីនឡើងវគ្គបន្ត ពាន World Cup

អ្នកចាំទីដៃទី1 របស់ក្រុមជម្រើសជាតិ កីឡាករ Emiliano Martinez បានក្លាយជាវីរបុរសនៅចុងម៉ោងសម្រាប់ក្រុមអាហ្សង់ទីន ក្រោយជួយសង្គ្រោះបានមួយបាល់នៅចុងម៉ោង រារាំងការតាមស្មើពីការស៊ុតរបស់ Garang Kuol ដែលជាកីឡាករទើបផ្លាស់ប្តូរចូលនៅវគ្គទី2។

អូស្តា្រលីស្ទើរតែអាចតាមស្មើនៅម៉ោងបន្ថែមទៅហើយ ប៉ុន្តែការស៊ុតរបស់ Kuol ត្រូវបានជួយសង្គ្រោះយ៉ាងល្អពីសំណាក់អ្នកចាំទីរបស់ក្រុម Aston Villa។ ការជួយសង្គ្រោះមួយនេះ បានបញ្ជុនអាហ្សង់ទីនឡើងទៅវគ្គ8ក្រុមចុងក្រោយនៃពានរង្វាន់ FIFA World Cup ឆ្នាំ2022 ដោយត្រូវជួបគ្នាជាមួយក្រុមជម្រើសជាតិហូឡង់។ លើសពីនេះទៅទៀត Lionel Messi ដែលជាកីឡាករសំខាន់មួយរូបរបស់ក្រុមលោក Lionel Scaloni អាចរកបានមួយគ្រាប់ក្នុងការបង្ហាញខ្លួនជាលើកទី​ 1000 ក្នុងអាជីពបាល់ទាត់របស់រូបគេផ្ទាល់។

ថ្វីត្បិតតែក្រុមកង់ហ្កូរូ អូស្រ្តាលីព្យាយាមធ្វើការសម្រុករហូតបានតាមពីក្រោយមួយគ្រាប់ក្តី ប៉ុន្តែការព្យាយាមរបស់អូស្រ្តាលីមិនបានផលនោះឡើយ ធ្វើឲ្យក្រុមនេះជាក្រុមទី2 ដែលធ្លាក់ចេញពីវគ្គ16ក្រុមចុងក្រោយ ដោយអាមេរិកជាក្រុមដំបូង បន្ទាប់ពីធ្វើមិនបានល្អ ដោយចាញ់ក្រុមជម្រើសជាតិហូឡង់៕

ប្រភព : GOAL