ខ្សែការពាររបស់ក្រុម Liverpool ក៏ដូចជាក្រុមជម្រើសជាតិហូឡង់ កីឡាករ Virgil van Dijk បានជួយត្រួសត្រាយផ្លូវទៅកាន់មិត្តរួមសញ្ជាតិ Cody Gakpo អំពីគោលដៅដែលគេគួរតែទៅ ស្របពេលដែលមានក្លិបចំនួនពីរកំពុងតែចង់បាន Gakpo ខ្លាំង ដោយមានក្រុមបិសាចក្រហម Manchester United និងក្លិបអធិរាជស Real Madrid។

ក្រោយជ័យជម្នះ 3:1 របស់ក្រុមជម្រើសជាតិហូឡង់ទៅលើក្រុមជម្រើសជាតិសហរដ្ឋអាមេរិក ខ្សែការពារ van Dijk បានលើកឡើងច្បាស់ៗថា ក្លិប Real Madrid ជាក្លិបល្អ ហើយមានកម្រិតខ្ពស់ជាងក្រុម Manchester United។ ប្រធានក្រុមជម្រើសជាតិហូឡង់រូបនេះបាននិយាយថា “តើក្លិប Manchester United និង Real Madrid ស្ថិតនៅលើកម្រិតតែមួយរឺទេ? មិនមែនមិនគោរពទេ ប៉ុន្តែក្លិបទាំងពីរមានកម្រិតខុសគ្នាឆ្ងាយ។ ខ្ញុំគិតថារូបគេ (Gakpo) អាចធ្វើបានល្អសម្រាប់ជំហានបន្ទាប់ជាមួយ Real Madrid។ ខ្ញុំមិនច្បាស់ថាពេលណារូបគេអាចទៅនោះទេ ប៉ុន្តែយើងរីករាយដែលរូបគេកំពុងតែធ្វើបានល្អសម្រាប់យើង ដោយរូបគេជាកីឡាករដែលប្រឹងប្រែង ហើយមានទេពកោសល្យ”។

ថ្វីត្បិតតែ Gakpo មិនបានស៊ុតបញ្ចូលទីក្នុងការប្រកួតទល់និងអាមេរិកមែនក្តី ប៉ុន្តែ Gakpo បច្ចុប្បន្នស្ថិតក្នុងតំណែងដណ្តើមស្បែកជើងមាសក្នុងពានរង្វាន់ World Cup ស្របពេលដែលរូបគេរកបាន 12គ្រាប់ និងបញ្ជូន16ដង គ្រប់ការប្រកួតសម្រាប់ក្លិប PSV នៅរដូវកាល 2022-2023 នេះ ធ្វើឲ្យរូបគេក្លាយជាគោលដៅក្តៅមួយសម្រាប់ទីផ្សារដោះដូរកីឡាករខែមករាខាងមុខ៕
ប្រភព : GOAL