ខ្សែប្រយុទ្ធចាស់វស្សារបស់ក្រុមជម្រើសជាតិបារាំង កីឡាករ Olivier Giroud បានចេញមុខព្រមានក្រុមអង់គ្លេស ដោយលើកមកថា Kylian Mbappe នៅតែអាចវិវត្តន៍ខ្លួនបានល្អជាងនេះទៅទៀត មុនការប្រកួតរវាងបារាំងទល់និងអង់គ្លេស នៅការប្រកួតវគ្គ8ក្រុមចុងក្រោយ ពានរង្វាន់ FIFA World Cup ឆ្នាំ 2022 នេះ។

Giroud បានឲ្យដឹងថា “Kylian ជាកីឡាករល្អមួយក្នុងចំណោមកីឡាករបំផុតដែលខ្ញុំធ្លាប់លេងជាមួយ។ គេពិតជាអស្ចារ្យណាស់ ព្រោះគេនៅតែអាចរីកចម្រើនទៅមុខទៀត ចាប់តាំងពីចាប់ផ្តើមព្រឹត្តិការណ៍មក រូបគេជាកីឡាករសំខាន់សម្រាប់យើង។ ខ្ញុំជឿជាក់ថាកំណត់ត្រារបស់ខ្ញុំនិងត្រូវបានបំបែកនៅថ្ងៃណាមួយដោយ Kylian”។

បច្ចុប្បន្ននេះ ខ្សែប្រយុទ្ធវ័យ23ឆ្នាំរបស់ក្លិប Paris Saint-Germain រកបាន5គ្រាប់និងបញ្ជូនឲ្យដៃគូស៊ុតបញ្ចូលទី2លើកមកហើយសម្រាប់ក្រុមជម្រើសជាតិបារាំងក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំនេះ។ យ៉ាងណាក្តី ក្រុមអង់គ្លេសត្រូវតែត្រៀមខ្លួនឲ្យបានរួចរាល់សម្រាប់កីឡាករ Kylian Mbappe ដោយក្រុមទាំងពីរនិងធ្វើការប្រកួតគ្នានៅថ្ងៃទី 10 ខាងមុខ ដើម្បីស្វែងរកក្រុមខ្លាំងដែលមានសិទ្ធិទៅលេងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅប្រទេសកាតា៕
ប្រភព : ESPN