លោក Gil Martin ដែលជា CEO របស់ក្លិប Atletico Madrid បានធ្វើការបង្ហើបឲ្យដឹងពីអនាគតរបស់ Joao Felix ជាមួយក្លិប ដោយទទួលស្គាល់ថាកីឡាករវ័យក្មេងរូបនេះអាចចាកចេញពីក្លិបយក្សអេស្ប៉ាញនៅពេលខាងមុខនេះ។

ថ្លែងទៅកាន់ TVE លោក Martin បាននិយាយថា “Joao Felix គឺជាការភ្នាល់ដ៏ធំបំផុតសម្រាប់ប្រវត្តិសាស្ត្រនៃក្លិប។ ខ្ញុំផ្ទាល់គិតថាគេជាកីឡាករល្អមួយរូប ប៉ុន្តែមានបញ្ហានៅពីក្រោយការធ្វើមិនសូវបានល្អរបស់គេ។ ទំនាក់ទំនងរវាងគេនិងលោក Diego Simeone ចំនួននាទីដែលរូបគេបានលេង ក៏ដូចជាទឹកចិត្តរបស់គេផ្ទាល់ បានធ្វើឲ្យខ្ញុំគិតថា បើសិនជាមានជម្រើសល្អណាមួយសម្រាប់កីឡាករនិងក្លិប នោះគឺយើងអាចធ្វើការពិចារណាបាន។ ខ្ញុំពិតជាចង់ឲ្យគេនៅបន្តណាស់ ប៉ុន្តែខ្ញុំមើលឃើញថាកីឡាកររូបនេះមិនបានគិតដូចខ្ញុំទេ”។

គួររំលឹកផងដែរថា ក្លិប AT Madrid បានជះលុយ 126លានអឺរ៉ូសម្រាប់ការនាំយក Felix កាលពីរដូវក្តៅនៃឆ្នាំ 2019 ប៉ុន្តែបែរជាកីឡាកររូបនេះធ្វើមិនសូវបានល្អ ដោយមិនទាន់អាចបំពេញតម្រូវការឲ្យសមទៅនិងតម្លៃខ្លួនរបស់គេនៅឡើយទេ ស្របពេលដែលទំនាក់ទំនងជាមួយគ្រូបង្វឹក Diego Simeone ក៏កំពុងតែមានភាពរកាំរកូសស្រាប់៕
ប្រភព : TVE