លោក Erik ten Hag បានធ្វើការដាក់ការប្រជែងឲ្យ Alejandro Garnacho និងកីឡាករក្មេងៗផ្សេងទៀតក្នុងការហ្វឹកហាត់ពាក់កណ្តាលរដូវកាលនៅប្រទេសអេស្ប៉ាញ។

អ្នកចាត់ការសញ្ជាតិហូឡង់រូបនេះបានធ្វើការហោះទៅប្រទេសអេស្ប៉ាញជាមួយកីឡាករឈុតធំជាច្រើនរូប និងកីឡាករដែលមិនបានជាប់ជម្រើសជាតិសម្រាប់ការប្រកួត FIFA World Cup ឆ្នាំ 2022។ ក្រៅពីកីឡាករឈុតធំដូចជា David De Gea, Anthony Martial និង Alejandro Garnacho គេសង្កេតឃើញមានវត្តមានកីឡាករក្មេងៗជាច្រើន ដូចជា Zidane Iqbal, Charlie Savage និង Kobbie Mainoo ធ្វើដំណើរជាមួយលោក ten Hag។

និយាយទៅកាន់ MUTV លោក Erik ten Hag បានឲ្យដឹងថា “ខ្ញុំគិតថាវាជាពេលវេលាល្អមួយសម្រាប់ពួកគេ។ ធម្មតាយើងគ្មានពេលសម្រាកនោះទេ ប៉ុន្តែពេលនេះយើងមានពេលទំនេរ។ កីឡាករជាច្រើនបានទៅលេងនៅ World Cup ដូចនេះមានតំណែងជាច្រើននៅសេសសល់ហើយកីឡាករក្មេងៗទាំងនោះអាចហាត់ស៊ាំឲ្យហើយបាន។ ពួកគេអាចបង្ហាញពីសមត្ថភាពរៀងៗខ្លួន ហើយពួកគេអាចប្រកួតប្រជែងជាមួយកីឡាករដែលធ្លាប់លេងនៅ Premier League ស្រាប់ វាជារឿងអស្ចារ្យមួយ”៕
ប្រភព : MUTV