ជប៉ុន មានសមត្ថភាពយកឈ្នះអេស្ប៉ាញថ្វីត្បិតមានភាគរយគ្រប់គ្រងបាល់ក្រោម២០ភាគរយ

ក្រុមជម្រើសជាតិជប៉ុន បានយកឈ្នះក្រុមជម្រើសជាតិអេស្ប៉ាញកាលពីយប់មិញក្នុងលទ្ធផល 2:1 ធ្វើឲ្យពិភពបាល់ទាត់ស្ទើរតែមិនជឿអ្វីដែលខ្លួនបានឃើញ។

ក្រុមរបស់លោក Luis Enrique ជាអ្នកធ្វើបានល្អតាំងពីដើមតង់ទី​ 1មកម្ល៉េះ ដោយកីឡាករ Alvaro Morata ជាអ្នកស៊ុតបើកការនាំមុខមុនឲ្យក្រុមអេស្ប៉ាញនៅតង់ទី1។ ប៉ុន្តែចង្វាក់ប្រយុទ្ធរបស់ជប៉ុនបែរជាបានផលនៅវគ្គទី2 ដោយកីឡាករ Ritsu Doan ជាអ្នកតាមបានស្មើនៅនាទីទី 48 នៃការប្រកួតវគ្គទី 2។ រំលងបាន 5នាទី ពោលគឺនាទីទី 53 កីឡាករ Ao Tanaka ជាអ្នកសម្រេចជោគវាសនារបស់ក្រុមជម្រើសជាតិជប៉ុន ក្រោយការសម្រេចចិត្តពី VAR ផ្តល់បាល់ទៅខាងក្រុមរបស់លោក Hajime Moriyasu ទទួលបាន 3ពិន្ទុដែលជួយរុញច្រានជប៉ុនឲ្យឡើងកំពូលតារាងនៃពូល E។

ជ័យជម្នះមួយនេះ បានក្លាយជាជ័យជម្នះដែលក្រុមឈ្នះមានភាគរយគ្រប់គ្រងបាល់តិចបំផុតក្នុងកំណត់ត្រារបស់ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup។ យ៉ាងណាក្តី ជប៉ុននិងត្រូវបន្តធ្វើការងារធ្ងន់ ដោយត្រូវជួបក្រុមជម្រើសជាតិក្រូអាតនៅវគ្គ 16 ក្រុមចុងក្រោយ ស្របពេលដែលអេស្ប៉ាញ និងត្រូវប៉ះក្រុមម៉ារ៉ុកដែលជាក្រុមលេខ១ក្នុងពូល F៕

ប្រភព : GOAL