Ibrahima Konate ចេញមុខនិយាយចំៗក្រោយបារាំងភ្លាត់ចាញ់ទុយនេស៊ី

ខ្សែការពាររបស់ក្រុមហង្សក្រហម​ Liverpool កីឡាករ Ibrahima Konate មានភាពសោកស្តាយជាខ្លាំងក្រោយក្រុមជម្រើសជាតិបារាំងបានភ្លាត់ចាញ់ក្រុមជម្រើសជាតិទុយនេស៊ីក្នុងលទ្ធផល 1:0 គួរឲ្យភ្ញាក់ផ្អើលកាលពីយប់មិញ។

លោក Didier Deschamps ដែលជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិបារាំង បានធ្វើការផ្លាស់ប្តូរឈុតកីឡាករស្ទើរតែទាំងស្រុង ដោយដាក់ឲ្យកីឡាករសំខាន់ៗបានសម្រាកត្រៀមការប្រកួតវគ្គ 16ក្រុមចុងក្រោយប៉ុន្តែអ្វីៗបានខុសពីការគិតរបស់លោក​ Deschamps ដោយក្រុមជម្រើសជាតិទុយនេស៊ីជាអ្នករកបាន 3ពិន្ទុសម្រាប់ការប្រកួតនេះ ដោយមួយគ្រាប់នោះរកបានដោយខ្សែប្រយុទ្ធ Wahbi Khazri នៅនាទីទី 58នៃការប្រកួត។

Konate បានបង្ហើបឲ្យដឹងពីអារម្មណ៍ពិតរបស់ខ្លួនទៅកាន់ beIN Sports ថា “ខ្ញុំស្អប់ការចាញ់ណាស់។ វាជាការប្រកួតមួយ តែខ្ញុំមិនអាចនិយាយថាមានការផ្លាស់ប្តូរច្រើននោះទេ បើសិនជាយើងមកដល់ពេលនេះ យើងមិនមានលេសអ្វីត្រូវលើកឡើងនោះទេ។ ពួកយើងបានខ្ជះខ្ជាយបាល់ច្រើនលើកច្រើនសារ ហើយយើងត្រូវតែផ្តោតអារម្មណ៍សម្រាប់ការប្រកួតក្រោយ ដោយធ្វើឲ្យបានដោយបំភ្លេចពីកំហុសទាំងនេះចោល”

ប្រភព : beIN Sports