អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេស Theo Walcott បានលើកឡើងយ៉ាងមុតមាំថា Kylian Mbappe ជាកីឡាករដែលគ្រោះថ្នាក់មួយរូប ប៉ុន្តែរូបគេអាចនិងជួបការលំបាកបើសិនជាលេងប៉ះកីឡាករ Kyle Walker ក្នុងករណីដែលបារាំងឡើងមកជួបអង់គ្លេសនៅវគ្គ 8 ក្រុមចុងក្រោយ។

ថ្វីត្បិតតែបច្ចុប្បន្នខ្សែប្រយុទ្ធសញ្ជាតិបារាំង កំពុងតែឈរលើកំពូលតារាងនៃកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេសម្រាប់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ 2022 នេះក៏ពិតមែន ប៉ុន្តែ Theo Walcott នៅតែគិតថាសមត្ថភាពរបស់ Mbappe និងត្រូវបានបង្អាក់ដោយខ្សែការពាររបស់ក្រុមមេឃខៀវ Manchester City កីឡាករ Kyle Walker ដោយសារតែកាយសម្បទារបស់ Walker មាំជាង Mbappe។

ថ្លែងប្រាប់ talkSPORT កីឡាករ Theo Walcott បាននិយាយថា “ខ្ញុំពិតជាចង់ឃើញណាស់ ប៉ុន្តែខ្ញុំមានអារម្មណ៍ថា Mbappe និងមានភាពលំបាកដោយសារតែកាយសម្បទារបស់ Walker នេះតាមអ្វីដែលខ្ញុំគិត។ គេ (Mbappe) លេងនៅលីកបារាំង ដែលមានភាពខុសគ្នាខ្លាំងបើប្រៀបធៀបទៅនិង Premier League ហើយណាមួយ Walker មានបទពិសោធន៍ច្រើននៅ Champions League ដូចនេះការជួបគ្នានិងពិតជាល្អមើល”៕
ប្រភព : talkSPORT