លោក Roberto Martinez ដែលជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិប៊ែលហ្សិកបានប្រកាសជាផ្លូវការថា ខ្លួននិងមិនបន្តតំណែងទៀតនោះទេក្រោយមិនអាចជួយឲ្យប៊ែលហ្សិកឆ្លងផុតវគ្គសន្សំពិន្ទុក្នុងពូលនៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំនេះបាន។

លោក Martinez បាននិយាយថា “នេះជាការប្រកួតចុងក្រោយក្នុងនាមជាគ្រូបង្វឹកក្រុមជម្រើសជាតិសម្រាប់ខ្ញុំ។ ខ្ញុំបាននិយាយពាក្យលាទៅកាន់កីឡាករនិងក្រុមការងារ។ វាមិនមែនជារឿងងាយស្រួលទេក្នុងការឈ្នះការប្រកួតណាមួយក្នុងពាន World Cup។ កាលប្រកួតដំបូងទល់និងកាណាដា យើងបានឈ្នះមែន តែយើងមិនបានលេងដូចអ្វីដែលយើងរំពឹងទុកនោះទេ។ ពួកយើងដូចជាមិនមានភាពរួចរាល់ឡើយ។ នៅការប្រកួតថ្ងៃនេះយើងមានឱកាសច្រើនសារ ដូចនេះខ្ញុំគ្មានការស្តាយក្រោយអ្វីនោះទេ។ ថ្វីត្បិតតែត្រូវបានជម្រុះចេញត្រឹមវគ្គសន្សំពិន្ទុក៏ពិតមែន ប៉ុន្តែមិនមែនមានតែក្រុមយើងទេដែលចង់ឡើងទៅលេងបន្ត”។

គួររំលឹកផងដែរថា លោក Roberto Martinez បានចំណាយពេលចំនួន 6 ឆ្នាំជាមួយក្រុមជម្រ់ើសជាតិប៊ែលហ្សិក ដោយធ្លាប់ជួយឲ្យប៊ែលហ្សិកឡើងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ម្តងកាលពីឆ្នាំ 2018 មុនជួយឲ្យប៊ែលហ្សិកបានលេងនៅវគ្គ 8 ក្រុមចុងក្រោយនៃពាន EURO នៅឆ្នាំ 2020៕
ប្រភព : GOAL