ក្រោយធ្លាក់ចេញពីការប្រកួត FIFA World Cup ឆ្នាំនេះត្រឹមវគ្គសន្សំពិន្ទុក្នុងពូល ពេលនេះកីឡាករ Thomas Muller បានឲ្យតម្រុយពីគម្រោងចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាឡឺម៉ង់ ប៉ុន្តែបាននិយាយពីលើថាកំពុងតែស្ថិតក្នុងស្ថានការណ៍ពិចារណា។

ក្នងរាត្រីដែលពោរពេញទៅដោយចម្រូងចម្រាស់នៅប្រទេសកាតា ក្រុមទាំង 4 នៅពូល E បានធ្វើឲ្យការប្រកួត World Cup កាន់តែក្តៅគគុក ដោយបញ្ចប់ទៅ ជប៉ុននិងក្រុមជម្រើសជាតិអេស្ប៉ាញ ជាអ្នកដឹកដៃគ្នាឡើងទៅវគ្គ 16ក្រុមចុងក្រោយ ស្របពេលដែលអាឡឺម៉ង់ និងកូស្តារីកាកំពុងតែស្វះស្វែងរកសំបុត្រយន្តហោះមកផ្ទះវិញ។ ក្រោយចប់ការប្រកួតដែលអាឡឺម៉ង់បានយកឈ្នះកូស្តារីកាក្នុងលទ្ធផល 4:2 ខ្សែបម្រើប្រយុទ្ធរបស់ក្លិប Bayern Munich បានបង្ហើបថាពេលវេលារបស់គេជាមួយក្រុមជម្រើសជាតិកាន់តែជិតចូលមកដល់ទីបញ្ចប់ហើយ។

និយាយមកកាន់អ្នកសារព៍ត៌មាន កីឡាករវ័យ 33 ឆ្នាំរូបនេះ បានឲ្យដឹងថា “បើសិនជានេះជាការប្រកួតចុងក្រោយរបស់ខ្ញុំសម្រាប់អាឡឺម៉ង់ ខ្ញុំគ្រាន់តែចង់និយាយទៅកាន់អ្នកគាំទ្រអាឡឺម៉ង់ថា នេះជាអ្វីដែលខ្ញុំរីករាយនិងធ្វើ។ អរគុណអ្នករាល់គ្នា ខ្ញុំតែងតែព្យាយាមអស់ពីសមត្ថភាពនៅលើទីលាន។ ជួនកាលវាជាទឹកភ្នែកនៃភាពរីករាយ ជួនកាលវាជាទឹកភ្នែកនៃការឈឺចាប់។ ខ្ញុំធ្វើវាដោយក្តីស្រឡាញ់ ហើយពេលនេះខ្ញុំត្រូវការពេលដើម្បីគិតពីអ្វីផ្សេងម្តង”៕
ប្រភព : ESPN