អតីតខ្សែប្រយុទ្ធអ៊ីតាលី Giuseppe Rossi បានចេញមុខរិះគន់មេចុងភៅល្បីឈ្មោះ Salt Bae ចំពោះការរត់ចូលការប្រារព្ធជ័យជម្នះ World Cup របស់អាហ្សង់ទីននៅលើទីលាននៅប្រទេសកាតាទាំងគ្មានការអនុញ្ញាត។

ម្ចាស់ហាង Nusr-Et Steak House លោក Nusret Gocke ដែលត្រូវបានគេស្គាល់ថាជា Salt Bae បានបង្កឲ្យមានភាពចម្រូងចម្រាសបន្ទាប់ពីការប្រកួត World Cup វគ្គផ្តាច់ព្រ័ត្រ ដោយការបង្ហាញខ្លួនដើម្បីរំខានក្រុមអាហ្សង់ទីនក្នុងអំឡុងពេលអបអរសាទររបស់ពួកគេក្រោយចប់ការប្រកួតជាផ្លូវការ រួមទាំងការលើកពាន World Cup ដើម្បីយកទៅថតផ្ទាល់ខ្លួនទៀតផង។

នៅក្នុងគណនីផ្លូវការរបស់គាត់ផ្ទាល់ លោក Rossi បាននិយាយថា “Salt Bae ចង់បានចំណាប់អារម្មណ៍ដោយការប៉ះពាន World Cup ផ្ទាល់ដៃ។ តើអ្នកជានរណាក្រៅពីត្រឹមតារាល្បីរយះពេល2នាទី”។ ក្រៅពី Giuseppe Rossi មនុស្សជាច្រើនបានបង្ហាញពីការមិនពេញចិត្តនូវទង្វើរបស់ Salt Bae ដែលបានទាញ Messi ដើម្បីមកថតរូបជាមួយខ្លួនកំឡុងពេលដែល Messi កំពុងនៅជាមួយក្រុមអាហ្សង់ទីន៕
ប្រភព : GOAL