ក្លិបនៅលីកកំពូលអាឡឺម៉ង់មួយថា ធ្លាប់មានឱកាសនាំយក Ronaldo

ប្រធានក្លិប Eintracht Frankfurt លោក Axel Hellman បានអះអាងថាក្លិបត្រូវបានផ្តល់ឱកាសក្នុងការចុះហត្ថលេខាលើកីឡាករ Cristiano Ronaldo នៅរដូវក្តៅនេះ មុនការចាកចេញពី Manchester United។

បន្ទាប់ពីបទសម្ភាសន៍យ៉ាងចម្រូងចម្រាស់របស់ Ronaldo ជាមួយ Piers Morgan និងការចាកចេញដោយព្រមព្រៀងគ្នាជាមួយ United រឿងមួយទៀតជុំវិញអ្វីដែលអាចកើតឡើងសម្រាប់ Ronaldo បានកើតឡើង។ ប្រធានក្លិប Frankfurt លោក Hellmann បានបង្ហាញថា ពួកគេត្រូវបានផ្តល់ឱកាសដើម្បីចុះហត្ថលេខាលើអ្នកឈ្នះ Ballon d’Or ប្រាំសម័យកាលនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅមុន។

គាត់បាននិយាយទៅកាន់ DAZN ថា “គាត់ធ្លាប់ផ្តល់ឱកាសឲ្យយើង។ ខ្ញុំមានអារម្មណ៍ថារឿងនេះបានកើតឡើងចំពោះគ្រប់ក្រុមដែលលេងនៅ UEFA Champions League”។ បំណងប្រាថ្នារបស់ Ronaldo ក្នុងការចាកចេញពី Old Trafford បន្ទាប់ពីត្រលប់មក Man Utd បានតែមួយរដូវកាលត្រូវបានបញ្ជាក់យ៉ាងច្បាស់មុនពេលយុទ្ធនាការឆ្នាំ 2021-22 ត្រូវបានបញ្ចប់ ដោយ Man United មិនមានកៅអី Champions League ។ ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរមិនបានសម្រេច ហើយក្រោមការគ្រប់គ្រងថ្មីរបស់ Erik ten Hag គាត់មិនអាចបង្កើតសមិទ្ធផលណាមួយដល់ក្រុមបានទេ ដែលបណ្តាលឲ្យមានការចាកចេញដ៏រញ៉េរញ៉ៃមុនការប្រកួត World Cup៕
ប្រភព : DAZN