កាលពីពេលថ្មីៗនេះ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិបារាំង Karim Benzema បានចេញមុខធ្វើការឆ្លើយតបទៅកាន់ពាក្យចចរាមអារ៉ាមដែលថារូបគេអាចនិងបង្ហាញខ្លួនក្នុងវគ្គផ្តាច់ព្រ័ត្រពាន World Cup នៅលើគណនីបណ្តាញសង្គម Instagram របស់គេផ្ទាល់។

បន្ទាប់ពីរាយការណ៍បានលើកឡើងថា រូបគេបានត្រលប់មកកាន់ការហ្វឹកហាត់នៅប្រទេសអេស្ប៉ាញ អ្នកគាំទ្រភាគច្រើនជឿថា Benzema អាចត្រលប់មកជួយក្រុមលោក Didier Deschamps សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅប្រទេសកាតា ទល់និងក្រុមអាហ្សង់ទីន។ អ្វីៗត្រូវបានស្ងប់ស្ងាត់ នៅពេល Benzema បានបង្ហោះរូបភាពរបស់ខ្លួន ភ្ជាប់ជាមួយពាក្យមួយឃ្លាយ៉ាងខ្លីដោយសរសេរថា “ខ្ញុំមិនខ្វល់នោះទេ”។

គួររំលឹកផងដែរ ម្ចាស់ពាន Ballon D’or ឆ្នាំនេះ ស្ទើរតែក្លាយជាកម្លាំងប្រយុទ្ធសំខាន់របស់ក្រុមជម្រើសជាតិបារាំងសម្រាប់ World Cup ទៅហើយ ប៉ុន្តែបែរជារងរបួសកំឡុងពេលហ្វឹកហាត់មុនការប្រកួតទល់និងក្រុមអូស្ត្រាលី ដែលត្រូវបង្ខំឲ្យរូបគេដកខ្លួនចេញពីក្រុមជម្រើសជាតិភ្លាមៗ។ យ៉ាងណាក្តី ក្រុមមាន់គកបារាំងនៅតែធ្វើបានយ៉ាងល្អ ដោយឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ ស្របពេលដែល Olivier Giroud និង Kylian Mbappe ជាខ្សែប្រយុទ្ធជួរមុខ៕
ប្រភព : GOAL