Achraf Hakimi ផ្ញើរសារទៅកាន់ Mbappe មុនការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ខ្សែការពារស្លាបស្តាំ Achraf Hakimi បានធ្វើការបង្ហោះនៅលើបណ្តាញសង្គម Twitter របស់ខ្លួនទៅកាន់មិត្តរួមក្រុម Kylian Mbappe ក្រោយក្រុមម៉ារ៉ុកត្រូវប៉ះក្រុមជម្រើសជាតិបារាំងក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World Cup ឆ្នាំ 2022 នេះ។

ក្រុមម៉ារ៉ុកនិងបារាំងបានកក់កៅអីឡើងទៅវគ្គបន្តរៀងៗខ្លួន ដោយការប្រកួតយ៉ាងស្វិតស្វាញជាទីបំផុត។ ក្រោយចប់ការប្រកួតរវាងបារាំងនិងអង់គ្លេសកាលពីពេលថ្មីៗនេះ កីឡាករ Hakimi បានសរសេរហើយភ្ជាប់ជាមួយឈ្មោះរបស់​​ Mbappe ថា “ជួបគ្នាឆាប់ៗ មិត្តសម្លាញ់របស់ខ្ញុំ @KMbappe”

គួររំលឹកផងដែរថា រូបគេទាំងពីរសុទ្ធតែជាមិត្តល្អនិងគ្នា ហើយតែងតែផ្ញើរសារលើកទឹកចិត្តគ្នាជារឿយៗ ជាពិសេសនៅពេលដែល Hakimi ស៊ុតទម្លាក់អេស្ប៉ាញ​ Kylian Mbappe ក៏បានធ្វើរឿងស្រដៀងគ្នានេះដែរ។ សម្រាប់ការប្រកួតរវាងក្រុមទាំងពីរ ក្រុមដែលទទួលបានជ័យជម្នះជាក្រុមដែលមានសិទ្ធិឡើងទៅលេងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់បាល៉ទាត់ពិភពលោក ដែលប្រារព្ធឡើងនៅប្រទេសកាតាឆ្នាំនេះ៕

ប្រភព​ : GOAL