បន្ទាប់ពីក្រុមបាល់ទាត់ជម្រើសជាតិបារាំងបានប្រកាសពីកីឡាករដែលមានឈ្មោះទៅលេង FIFA World Cup នៅកាតាភ្លាម ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបអ្នកមាន Paris Saint Germain កីឡាករ Kylian Mbappe បានធ្វើការបង្ហោះរូបភាពខ្លួនថើបពាន World Cup កាលពីឆ្នាំ 2018 ភ្លាមតែម្តង។

ភ្ជាប់ជាមួយរូបនោះ មានពាក្យមួយឃ្លាដែល Mbappe បានសរសេរទៅកាន់អ្នកគាំទ្រក្នុងបណ្តាញសង្គម Twitter ដោយសរសេរថា “ជាក្តីស្រម៉ៃមួយក្នុងការលេងការប្រកួតធំបំផុតជាមួយប្រទេសរបស់ខ្ញុំ”។ ការប្រកួត World Cup ឆ្នាំនេះអាចជាឱកាសសាងគុណលុបលាងទោសរបស់ Kylian Mbappe ក្រោយធ្វើមិនបានល្អក្នុងការប្រកួត EURO ឆ្នាំ 2020 ក៏ដូចជាលុបលាងរឿងចចរាមអារ៉ាមជាច្រើនរបស់គេជាមួយនិងក្រុមជម្រើសជាតិ។

ផ្អែកទៅតាមការជ្រើសរើសរបស់លោក Didier Deschamps កីឡាកររបស់ PSG រូបនេះអាចនិងចាប់ដៃគូជាមួយម្ចាស់ពាន Ballon D’or ឆ្នាំនេះ កីឡាករ Karim Benzema ដើម្បីបង្កព្យុះភ្លៀងនៅតំបន់ប្រយុទ្ធ។ គួរបញ្ជាក់ផងដែរថា បារាំងជាក្រុមដែលមានសង្ឃឹមច្រើនក្នុងការលើកពាន World Cup ប៉ុន្តែក្នុងនោះក៏មានក្រុមល្អផ្សេងៗដូចជា ក្រុមជម្រើសជាតិប្រេស៊ីល និងក្រុមជម្រើសជាតិអាហ្សង់ទីន ដែលកំពុងតែធ្វើបានល្អដូចគ្នា៕
ប្រភព : GOAL