កាលពីពេលថ្មីៗនេះ ព័ត៌មានមួយបានធ្វើឲ្យពិភពបាល់ទាត់ភ្ញាក់ផ្អើលជាខ្លាំង ដោយខ្សែប្រយុទ្ធ Cristiano Ronaldo បានធ្វើការចុះកុងត្រាជាមួយក្លិបនៅប្រទេសអារ៉ាប៊ីសាអូឌីត Al-Nassr ក្នុងកិច្ចសន្យាតម្លៃកប់ពពក ធ្វើឲ្យ Ronaldo ក្លាយជាកីឡាករដែលទទួលបានប្រាក់ពលកម្មច្រើនបំផុតក្នុងពិភពកីឡាបាល់ទាត់ទាំងមូល។

ប៉ុន្តែក្រៅពីប្រាក់ចំនួនប្រមាណ 75លានដុល្លារក្នុងមួយឆ្នាំនោះ ម្ចាស់ពាន Ballon D’or 5សម័យរូបនេះនិងទទួលបានអ្វីផ្សេងជាច្រើន។ យោងតាមសេចក្ដីរាយការណ៍ពី Saudi Media បានឱ្យដឹងថា Cristiano Ronaldo ត្រូវបានផ្តល់ជូននូវរថយន្តឯកជនចំនួន 5 គ្រឿងនិងវិមានមួយខ្នងដែលមានទីតាំងស្ថិតនៅទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអ៊ូឌីតដោយនៅទីនោះមានក្រុមហ៊ុនសន្តិសុខពេញលេញ មានផ្សារទំនើប អាងហែលទឹក តារាងបាល់បោះ ទីលានបាល់ទាត់ រួមទាំងភោជនីយដ្ឋានចំនួន3 ដែលជាកម្មសិទ្ធិរបស់ Ronaldo ផ្ទាល់។

គួររំលឹកផងដែរថា Ronaldo នឹងមានសិទ្ធិលេងឲ្យ Al-Nassr ចាប់ពីដើមឆ្នាំ 2023 តទៅ។ ការបង្ហាញខ្លួនដំបូងរបស់គាត់ត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថានឹងកើតឡើងនៅថ្ងៃព្រហស្បតិ៍ទី 5 ខែមករានៅឯផ្ទះរបស់ Al-Ta’ee៕
ប្រភព : Saudi Media