មកដឹងពីយោបល់របស់គ្រូក្រុមជម្រើសជាតិថៃ មុនប៉ះគ្នាជាមួយកម្ពុជាយប់នេះ

មុនការប្រកួតរវាងក្រុមគោព្រៃកម្ពុជា ទល់និងក្រុមឆាងសឹកថៃ លោក Mano Polking ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិថៃបានបញ្ជាក់យ៉ាងច្បាស់ពីគំនិតរបស់លោកផ្តាល់សម្រាប់ការប្រកួតចុងក្រោយនៃពានរង្វាន់ AFF Mistubishi Electric Cup។
គ្រូបង្វឹករូបនេះ បានលើកឡើងថា “ការប្រកួតនេះនឹងក្លាយជាការប្រកួតចុងក្រោយ នៃវគ្គចែកពូល ហើយយើងនឹងលេងនៅចំពោះមុខអ្នកគាំទ្របាល់ទាត់ថៃ ដូច្នេះសម្រាប់យើង គោលដៅគឺដើម្បីឈានទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ យើងត្រូវតែរក្សាការទទួលជ័យជម្នះ យើងស្ថិតក្នុងកន្លែងដ៏ល្អមួយដែលយើងបានលេងក្នុងផ្ទះ អ្នករាល់គ្នាបានត្រៀមខ្លួនជាស្រេច ហើយមានទំនុកចិត្តថាពួកគេអាចឈ្នះ”
លោក Polking ក៏បាននិយាយអំពីសមត្ថភាពរបស់ក្រុមកម្ពុជាដែរ ដោយបានបញ្ជាក់ថា “កម្ពុជា ជាក្រុមដែលមានកីឡាករវ័យក្មេង ហើយលេងជាមួយគ្នាយូរហើយ និងមានវិធីច្បាស់លាស់ក្នុងការប្រកួតបែបវាយលុក បង្កើតការលេងពីខាងក្រោយច្រើន។ ដូចនេះសម្រាប់ពួកយើង យើងបានរៀបចំផែនការបន្ទាន់មួយ ហើយយើងមានទំនុកចិត្តថាយើងនឹងធ្វើបានល្អ និងឈ្នះ”