អ្នកចាត់ការទូទៅរបស់ក្លិបកាំភ្លើងធំ Arsenal លោក Mikel Arteta ជឿជាក់ថាក្លិបរបស់ខ្លួនកំពុងស្ថិតក្នុងកន្លែងមួយដែលល្អ ហើយអាចមានសង្ឃឹមក្នុងការឈ្នះពានលីកកំពូលអង់គ្លេស English Premier League ស្របពេលដែលក្រុមរបស់លោកកំពុងត្រៀមខ្លួនរួចជាស្រេច។

ក្រុម Arsenal បានចាប់ផ្តើមវិស្សមកាលសម្រាប់ព្រឹត្តិការណ៍ World Cup ដោយនៅលើកំពូលតារាងជាមួយនិងគម្លាត 5ពិន្ទុពីក្រុមលេខ2 ដោយត្រូវត្រលប់មកការប្រកួតវិញទល់និងក្រុម West Ham United នៅថ្ងៃទី 26 ប៉ុន្តែលោក Arteta នៅតែមានភាពសុទិដ្ឋិនិយមចំពោះសមត្ថភាពរបស់កូនក្រុមរបស់ខ្លួន។

ថ្លែងក្រោយចប់ការប្រកួតមិត្តភាពទល់និងក្រុម Juventus អ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះបាននិយាយទាំងជំនឿចិត្តថា “ខ្ញុំគិតថាពួកយើងស្ថិតក្នុងកន្លែងមួយដែលល្អហើយ។ គ្រប់គ្នាកំពុងតែមានអារម្មណ៍រីករាយព្រោះពួកយើងឈរនៅតំណែងដែលយើងចង់បាន ពោលគឺកំពូលតារាងលីកកំពូលអង់គ្លេស។ ខ្ញុំគិតថាពួកយើងសាកសមនិងឈរតំណែងនេះ ហើយដំណឹងល្អសម្រាប់យើងនោះគឹយើងនៅតែអាចអភិវឌ្ឍអ្វីៗជាច្រើន ដែលនោះអាចនិងជួយឲ្យយើងក្លាយជាក្រុមមួយដែលរឹតតែខ្លាំងទៅទៀត”៕
ប្រភព : GOAL