Messi ហ៊ានធ្វើដំណើរទៅអារ៉ាប៊ីសាអូឌីតក្រោយលេងជាមួយ Lorient ចប់ភ្លាមៗ ទាំងគ្មានការអនុញ្ញាតពីគ្រូបង្វឹក PSG

ដំណើរទស្សនកិច្ចរបស់ Lionel Messi ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីការបរាជ័យដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ PSG ក្រោមថ្វីជើងក្រុម Lorient ត្រូវបានគេរាយការណ៍ថាមិនត្រូវបានយល់ព្រមដោយគ្រូបង្វឹក Christophe Galtier នោះទេ។

ម្ចាស់ពាន Ballon d’Or 7សម័យរូបនេះ បានលេងពេញ 90នាទីសម្រាប់ Paris Saint-Germain កាលពីថ្ងៃអាទិត្យ ខណៈដែលពួកគេបានរងបរាជ័យជាប្រវត្តិសាស្ត្រ 3-1 នៅលើទឹកដីខ្លួនឯង។ ក្រោយមក កីឡាករអាហ្សង់ទីនរូបនេះមិនបាននៅទីក្រុងប៉ារីសយូរឡើយ ដោយការសម្រេចចិត្តចាកចេញក្រៅប្រទេសជាមួយគ្រួសាររបស់គាត់។ គ្រូបង្វឹក PSG លោក Galtier រួមជាមួយនឹងទីប្រឹក្សាបាល់ទាត់ Luis Campos បានជំទាស់នឹងការធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ា ប៉ុន្តែ Messi មិនខ្វល់ពីការហាមឃាត់របស់ Galtier នោះឡើយ ហើយទទួលបានការអនុញ្ញាតពីក្រុមប្រឹក្សាភិបាលរបស់ក្លឹបយកតែម្តង។ នោះបានអនុញ្ញាតឲ្យគាត់បញ្ចប់ការធ្វើដំណើរមួយដែលត្រូវបានចាត់ទុកថាជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់គាត់ក្នុងនាមជាឯកអគ្គរដ្ឋទូតសម្រាប់អារ៉ាប៊ីសាអូឌីត ខណៈដែលពួកគេដេញថ្លៃធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2030។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៃប្រទេសអារ៉ាប៊ីសាអូឌីត លោក Ahmed Al-Khateeb ថែមទាំងបានបង្ហោះក្រោយការមកដល់របស់គ្រួសារ Messi ថា “ខ្ញុំរីករាយដែលបានស្វាគមន៍ឯកអគ្គរដ្ឋទូតទេសចរណ៍អារ៉ាប៊ីសាអូឌីត Lionel Messi និងក្រុមគ្រួសាររបស់គាត់ក្នុងវិស្សមកាលលើកទីពីររបស់គាត់នៅប្រទេសអារ៉ាប៊ីសាអូឌីត។ យើងមានសេចក្តីសោមនស្សរីករាយក្នុងការចែករំលែកអារ៉ាប៊ីសាអូឌីតពិតប្រាកដរបស់យើង ស្វាគមន៍អ្នកទាំងអស់គ្នា”

ប្រភព : GOAL