ខ្សែប្រយុទ្ធ Harry Kane របស់ក្លិបមាន់ខ្នាយមាស Tottenham ពេលនេះបានស្មើជាមួយនឹងវីរបុរស Manchester United កីឡាករ Wayne Rooney ក្រោយរកបានគ្រាប់បាល់ទី 208 របស់ខ្លួននៅ Premier League។

ខ្សែប្រយុទ្ធជួរមុខរូបនេះ គឺជាប្រភពដ៏ទៀងទាត់នៃគ្រាប់បាល់នឹងការបញ្ជូនឲ្យមិត្តរួមក្រុមស៊ុតចូលសម្រាប់ក្រុមដែលមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៍ ហើយឥឡូវនេះឈរនៅលំដាប់ទី 2 នៅលើតារាង កីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេនៅ Premier League ដោយនៅពីក្រោមកីឡាករ Alan Shearer ដែលមាន 260 គ្រាប់។ មួយគ្រាប់ចុងក្រោយរបស់ Kane បានកើតឡើងក្នុងជំនួបជាមួយ Liverpool នៅកីឡដ្ឋាន Anfield ខណៈដែលគាត់បានចូលរួមចំណែកមួយគ្រាប់ តែបែរជាមិនគ្រប់គ្រាន់ក្នុងការក្តោបក្តាប់សូម្បីមួយពិន្ទុពីក្រុមម្ចាស់ផ្ទះ Liverpool។

រដូវកាលនេះអាចចាត់ទុកថាជារដូវកាលសម្រាប់ Harry Kane ក្នុងការបំបែកកំណត់ត្រា ដោយរូបគេបានក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនបំផុតក្នុងនាមជាកីឡាកររបស់ Spurs។ មិនត្រឹមតែប៉ុណ្ណោះ Kane ក៏បានបំបែកកំណត់ត្រាមួយទៀតដែលកាន់កាប់ដោយ Wayne Rooney ក្នុងនាមជាកីឡាករដែលបានស៊ុតចូលច្រើនជាងគេពេលលេងឲ្យក្រុមជម្រើសជាតិតោកំណាចអង់គ្លេស ជាមួយនឹងការស៊ុតបញ្ចូលទី 55 គ្រាប់គិតត្រឹមវ័យ 29 ឆ្នាំ៕
ប្រភព : GOAL