Thomas Frank ទទួលស្គាល់ថាខ្លួនភ្ញាក់ផ្អើលពេលឃើញ line-up របស់ Chelsea

Thomas Frank បាន​ទទួល​ស្គាល់​ថា​គាត់​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​កីឡាកររបស់ក្រុម Chelsea ដែលលោក Frank Lampard បានជ្រើសរើសអំឡុង​ការប្រកួតនៅ​កីឡដ្ឋាន Stamford Bridge កាលពីពេលថ្មីៗនេះ។

គ្រាប់បាល់ចូលទីខ្លួនឯងពី Cesar Azpilicueta និងគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Bryan Mbeumo នៅពាក់កណ្តាលតង់បានធ្វើឲ្យ Chelsea ភ្លក់ការបរាជ័យជាលើកទីប្រាំរបស់ពួកគេក្នុងការប្រកួតក្រោមការដឹកនាំរបស់អ្នកចាត់ការបណ្តោះអាសន្ន Lampard ។ គ្រូបង្វឹករូបនេះបានដាក់កីឡាករជម្រើស 11 នាក់ដំបូងស្រដៀងកាលប៉ះ Real Madrid ក្នុងក្របខ័ណ្ឌ Champions League ជាមួយនឹងខ្សែការពារកណ្តាលប្រាំនាក់ និងខ្សែបម្រើកណ្តាលបួននាក់ ដោយរក្សា Raheem Sterling ជាខ្សែប្រយុទ្ធតែម្នាក់ឯង។ វិធីសាស្រ្តការពារនេះ ជាពិសេសនៅកីឡដ្ឋាន Stamford Bridge បានធ្វើឱ្យគ្រូបង្វឹក Brentford ភ្ញាក់ផ្អើល ប៉ុន្តែលោករីករាយដែលបានឃើញ Chelsea រក្សាទម្រង់របស់ពួកគេបែបនេះទៅវិញ។

លោក Thomas Frank បានបង្ហាញពីចំណាប់អារម្មណ៍ពិតរបស់គាត់ថា “យើង​រីករាយ​ដែល​ពួក​គេ​បាន​បង្ហាញ​ការ​គោរព​យ៉ាង​ខ្លាំង​ដល់​យើង ហើយក្នុងពេលនោះខ្ញុំក៏មានអារម្មណ៍​ភ្ញាក់​ផ្អើលបន្តិចដេរ។ ខ្ញុំ​គោរព​គ្រប់​ក្រុម យើង​មិន​ខ្លាច​ក្រុម​ណា​មួយ​ឡើយ។ យើងបាននិយាយអំពីក្រុមរបស់គេពេលដែលឃើញ line-up ដំបូង។ វានៅតែ Chelsea នៅតែលេងក្នុងកីឡដ្ឋាន Stamford Bridge ហើយពួកគេនៅតែជាកីឡាករដែលមានសមត្ថភាពខ្ពស់។ យើងបានព្យាយាមធ្វើការយ៉ាងលំបាកលើប្រព័ន្ធ និងគោលការណ៍ផ្សេងៗ និងវិធីដែលយើងគ្រប់គ្រងការ​ប្រកួត​គឺ​ពិតជាល្អណាស់”

ប្រភព : Sky Sports