អតីតកីឡាកររបស់ Manchester United លោក Rio Ferdinand បាននិយាយយ៉ាងច្បាស់ថា ទំនាក់ទំនងរវាងក្លិបជាមួយ Cristiano Ronaldo បានដើរដល់ផ្លូវទាល់ហើយ ក្រោយ Ronaldo បានធ្វើកិច្ចសម្ភាសន៍យ៉ាងចម្រូងចម្រាស់។

ពិភពបាល់ទាត់បានប្រែក្រឡាប់ចាក់ ក្រោយវីដេអូសម្ភាសន៍រវាង Ronaldo និង Piers Morgan បានបែកចេញជាផ្លូវការ។ លោក Rio Ferdinand ដែលជាអតីតមិត្តរួមក្រុមរបស់ Ronaldo ផ្ទាល់ក៏មានប្រតិកម្មស្រដៀងអ្នកដទៃដែរ ដោយយល់ឃើញថាចំណងរបស់ Man Utd ជាមួយ Ronaldo បានដើរដល់ចំណុចមួយដែលគ្មានផ្លូវបកក្រោយ។

អតីតកីឡាករសញ្ជាតិអង់គ្លេសរូបនេះបាននិយាយថា “ខ្ញុំពិតជាយល់ច្បាស់ចំពោះរឿងមួយនេះ។ វាចប់ហើយ។ ចំណងស្នេហ៍រវាង Manchester United និង Ronaldo ត្រូវបានបញ្ចប់។ រូបគេបានព្យាយាមចាកចេញពីក្លិប ហើយធ្វើឲ្យក្លិបគ្មានជម្រើសផ្សេងនោះឡើយ។ ក្រោយអ្វីដែលរូបគេបាននិយាយ ក្លិបនិងមិនអាចទុកគេបានទៀតទេ”៕
ប្រភព : GOAL