ក្រុមកាំភ្លើងធំ Arsenal នៅតែបង្ហាញពីទម្រង់លេងយ៉ាងល្អរបស់ខ្លួន ដោយយកឈ្នះ Wolves ក្នុងលទ្ធផល 2:0 កាលពីយប់មិញ។

Arsenal និងបន្តឈរជាក្រុមកំពូលតារាង English Premier League ស្របពេលដែលព្រឹត្តិការណ៍ World Cup កាន់តែជិតមកដល់។ គិតត្រឹមបច្ចុប្បន្ន ក្រុមរបស់លោក Mikel Arteta មាន5ពិន្ទុដាច់ពីក្រុមលេខ2 Manchester City ក្រោយក្រុមរបស់លោក Pep Guardiola ភ្លាត់ចាញ់ក្រុមភ្ញៀវ Brentford ក្នុងលទ្ធផល 1:2។

ប្រធានក្រុមវ័យក្មេង Martin Odegaard រកបាន2គ្រាប់ដើម្បីធានា3ពិន្ទុយ៉ាងសំខាន់នៅក្នុងកីឡដ្ឋាន Molineux។ គួររំលឹកផងដែរថា ក្រោយពីយកឈ្នះ Wolves ក្រុមកាំភ្លើងធំ Arsenal រកបាន37ពិន្ទុ ក្នុងចំណោម42ពិន្ទុដែលអាចរកបានសម្រាប់ការប្រកួតនៅរដូវកាលនេះ។ កំណត់ត្រាដ៏ល្អមួយនេះ ជាការធ្វើបានល្អបំផុតសម្រាប់ Arsenal ក្នុងរយះពេលជិត20ឆ្នាំ ដោយក្រុមមួយនេះកំពុងតែសម្លឹងឃើញពានលីកកំពូលអង់គ្លេសបណ្តើរៗទៅហើយ៕
ប្រភព : GOAL