គ្រូបង្វឹករបស់មាន់ខ្នាយមាស Tottenham Hotspur លោក Antonio Conte មានជំនឿចិត្តថាខ្សែប្រយុទ្ធ Son Heung-Min អាចជាសះស្បើយទាន់ការប្រកួតពានរង្វាន់ FIFA World Cup នាចុងខែវិច្ឆិកានេះ។

ក្តីស្រម៉ៃក្នុងការជួយក្រុមជម្រើសជាតិកូរ៉េខាងត្បូងរបស់ Son ស្ថិតក្នុងភាពស្រពិចស្រពិល ក្រោយក្លិបបានចេញសេចក្តីថ្លែងការណ៍ ដោយនិយាយថា Son បានធ្វើការវះកាត់ក្នុងការរបួសភ្នែក ក្រោយប៉ះទង្គិចគ្នាក្នុងការប្រកួតទល់និង Marseille ក្នុងពានរង្វាន់ UEFA Champions League។

លោក Antonio Conte បានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា “ពាក់ព័ន្ធនិង Sonny ខ្ញុំបានផ្ញើរសារទៅគេក្រោយការវះកាត់។ រូបគេពិតជាអន់ចិត្តចំពោះស្ថានភាពនេះប៉ុន្តែខ្ញុំសង្ឃឹមថាគេឆាប់ជាហើយបានលេងនៅ World Cup ព្រោះខ្ញុំធ្លាប់ជាកីឡាករ ខ្ញុំដឹងថា World Cup វាសំខាន់ប៉ុណ្ណា។ ខ្ញុំមានជំនឿចិត្តថារូបគេអាចត្រលប់មកវិញឆាប់ៗនេះ ហើយអាចចូលលេង World Cup។ ពេលនេះគេបានមកសម្រាកនៅផ្ទះវិញហើយ”៕
ប្រភព : GOAL