លោក Antonio Conte បានបញ្ជាក់ថា ខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur កីឡាករ Richarlison គ្រោងនិងធ្វើការស្កេន MRI ដើម្បីឲ្យកាន់តែច្បាស់ពីស្ថានភាពរបួសរបស់គេ ស្របពេលដែលកីឡាកររូបនេះ មានបញ្ហាសរសៃពួរពេលលេងឲ្យប្រេស៊ីលនៅ World Cup។

Richarlison បានរងរបួសសរសៃពួរពេលកំពុងបំពេញកាតព្វកិច្ចអន្តរជាតិជាមួយប្រេស៊ីលក្នុងព្រឹត្តិការណ៍ World Cup 2022។ ខ្សែប្រយុទ្ធរូបនេះបានស៊ុតបញ្ចូលទីបានបីគ្រាប់ក្នុងប្រទេសកាតា ប៉ុន្តែត្រូវបានបង្ខំឱ្យចេញពីការប្រកួតក្នុងវគ្គ 8ក្រុមចុងក្រោយរបស់ប្រេស៊ីលទល់និងក្រុមក្រូអាត។ គ្រូបង្វឹកក្រុម Tottenham លោក Antonio Conte បានផ្តល់ការប្រាប់ឲ្យដឹងពីបញ្ហាកាយសម្បទាលើកីឡាករមួយចំនួនរបស់គាត់ ហើយនិយាយថា កីឡាករសញ្ជាតិប្រេស៊ីលរូបនេះត្រូវតែឆ្លងកាត់ការស្កេន។

អតីតគ្រូបង្វឹកក្រុម Inter Milan រូបនេះបាននិយាយថា “សម្រាប់ Richy ថ្ងៃស្អែកគាត់នឹងធ្វើការស្កេន MRI ដើម្បីដឹងពីសារៈសំខាន់នៃរបួស។ បន្ទាប់ពីថ្ងៃស្អែក យើងនឹងឃើញយ៉ាងច្បាស់នូវពេលវេលាដែលគាត់ត្រូវការសម្រាកព្យាបាល”៕
ប្រភព : GOAL