Alexis Mac Allister បានទាក់ទាញក្រសែភ្នែកក្រុមជាច្រើន បន្ទាប់ពីជួយអាហ្សង់ទីនលើកពាន

កីឡាករ Alexis Mac Allister បានក្លាយជាចំណីចក្ខុសម្រាប់ក្រុមធំៗជាច្រើននៅអឺរ៉ុប បន្ទាប់ពីធ្វើបានយ៉ាងល្អ ជួយឲ្យក្រុមជម្រើសជាតិអាហ្សង់ទីនលើកពានបាល់ទាត់ពិភពលោក​ FIFA World Cup ឆ្នាំនេះ។

ខ្សែបម្រើវ័យ 23ឆ្នាំរូបនេះ បានក្លាយជាចំណែកមួយយ៉ាងសំខាន់សម្រាប់លោក Lionel Scaloni ក្នុងដំណើរឆ្ពោះទៅរកពាន World Cup ជាលើកទី3 របស់ក្រុមអាហ្សង់ទីន។ ស្របពេលដែលក្រុម Brighton Hove & Albion កំពុងធ្វើការយ៉ាងខ្នះខ្នែងដើម្បីបន្តកុងត្រាឲ្យរូបគេ CEO របស់ក្លិប  លោក Paul Barber បាននិយាយថា កីឡាកររូបនេះទទួលបានសំណើរជាច្រើនពីក្រុមនៅតំបន់អឺរ៉ុប។

ថ្លែងទៅកាន់ talkSPORT លោក Barber បានទទួលស្គាល់ថា “យើងមានទំនុកចិត្តចំពោះ Alexis រដូវកាលនេះ។ រូបគេបានសម្របខ្លួនចូលក្នុងបាល់ទាត់អង់គ្លេសបានលឿន ហើយយើងមានភាពសុទិដ្ឋិនិយមចំពោះសមត្ថភាពរបស់គេ។ មានក្រុមជាច្រើនបានធ្វើការទាក់ទងដើម្បីចង់បានរូបគេ ប៉ុន្តែយើងក៏កំពុងតែត្រៀមកុងត្រាថ្មីឲ្យគេដែរ ដូចនេះយើងសង្ឃឹមថា Alexis និងបន្តលេងឲ្យយើងបន្តិចទៀតសិន”

ប្រភព : talkSPORT