Zidane ប្រកាសថាខ្លួនរៀបចំរួចរាល់ក្នុងការត្រឡប់មកដឹកនាំវិញហើយ

Zinedine Zidane បាន​បង្ហើប​ប្រាប់​ពី​ការ​វិល​មក​កាន់​តំណែង​ជា​អ្នក​គ្រប់​គ្រង​វិញ​ចំ​ពេល​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​កន្លែង​ទំនេរ​ក្នុង​ពេល​ឆាប់ៗ​នេះ​នៅក្លឹប Bayern Munich។

Zidane បានចូលរួមការបញ្ចាំងភាពយន្តឯកសារអំពីអតីតគ្រូបង្វឹកអ៊ីតាលី និង Juventus លោក Marcello Lippi ហើយក៏បានឆ្លៀតពិភាក្សាអំពីអនាគតផ្ទាល់ខ្លួនរបស់គាត់នៅក្នុងកម្មវិធីនោះផងដែរ។ គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះត្រូវបានផ្សារភ្ជាប់យ៉ាងជិតដិតជាមួយនឹងក្រុមយក្សអាឡឺម៉ង់ បន្ទាប់ពីពួកគេបានប្រកាសថាពួកគេនឹងចែកផ្លូវជាមួយ Thomas Tuchel នៅចុងរដូវកាលនេះ។

នៅពេលត្រូវបានសួរពាក់ព័ន្ធនឹងលទ្ធភាពនៃការវិលត្រឡប់ចូលពិភពបាល់ទាត់វិញ គាត់បាននិយាយថា “ប្រាកដណាស់ អ្វីៗអាចកើតឡើងបានដែរ។ ឥឡូវនេះខ្ញុំកំពុងធ្វើរឿងផ្សេងទៀតពិតមែន ប៉ុន្តែខ្ញុំពិតជាចង់ត្រលប់ទៅឈរនៅជិតកៅអីបម្រុងឡើងវិញ”។ គ្រូបង្វឹកវ័យ 51 ឆ្នាំរូបនេះបានឃ្លាតពីបាល់ទាត់ចាប់តាំងពីការចាកចេញពីក្លឹប Real Madrid នៅឆ្នាំ 2021 ហើយតែងតែត្រូវបានសារព័ត៌មានជាច្រើនដាក់សំណួរពីពេលវេលាដែលលោកអាចត្រឡប់មកវិញ។ Zinedine Zidane ធ្លាប់ជួយអោយ Real Madrid លើកពានរហូតដល់ទៅ 11 ដង អំឡុងការដឹកនាំចន្លោះពីឆ្នាំ 2016 នឹង 2021៕