Everton អាចប្រឈមនឹងការកាត់ពិន្ទុម្តងទៀត ទោះទើបធូរថយទោសចាស់ក៏ដោយ

ក្លឹបស្ករគ្រាប់ Everton អាចនឹងប្រឈមមុខជាមួយការកាត់ពិន្ទុចំនួន 6 ផ្សេងទៀត បន្ទាប់ពីព័ត៌មាននៃការបន្ធូរបន្ថយទោសសម្រាប់រឿងក្តីចាស់ទើបតែបានចេញផ្សាយជាផ្លូវការនៅដើមសប្តាហ៍នេះ។

Everton ត្រូវបានបន្ធូរបន្ថយទោស ដោយការកាត់ពិន្ទុចំនួន 10 កាលពីដើមរដូវកាលនេះ នៅត្រឹម​ 6 ពិន្ទុវិញ ក្រោយការប្តឹងឧទ្ធរណ៍ពាក់ព័ន្ធនឹងការរំលោភលើបទប្បញ្ញត្តិនៃការចំណាយចន្លោះឆ្នាំ 2019 និង 2022។ Everton ក៏ស្ថិតក្រោមការស៊ើបអង្កេតផងដែរសម្រាប់ការបំពានច្បាប់ប្រាក់ចំណេញ និងនិរន្តរភាព (PSR) របស់ Premier League សម្រាប់រដូវកាល 2022-2023 របស់ពួកគេ រួមជាមួយ Nottingham Forest ។ អ្នកជំនាញហិរញ្ញវត្ថុលោក Stefan Borson អះអាងថា បទល្មើសដដែលៗនេះអាចជាមូលហេតុធំមួយដែល Everton អាចនឹងរងការពិន័យម្តងទៀត។

អតីតអ្នកប្រឹក្សាផ្នែកហិរញ្ញវត្ថរបស់ Man City រូបនេះបានប្រាប់មកកាន់ talkSPORT ថា “រឿងនេះយើងត្រូវផ្តោតសំខាន់លើការដាក់ទណ្ឌកម្មពីរលើកក្នុងអំឡុងពេលបីឆ្នាំ ហើយគណៈកម្មការឯករាជ្យទីពីរនឹងមិនមានបញ្ហាយល់ពីអ្វីដែលយុត្តិធម៌នៅក្នុងបរិបទនោះឡើយ។ Everton មានការខាតបង់ធំគួរសមសម្រាប់ឆ្នាំ 2022-23។ ពួកគេមិនទាន់បានបញ្ចេញគណនីរបស់ពួកគេនៅឡើយទេ ប៉ុន្តែពួកគេនឹងត្រូវចេញផ្សាយជាសាធារណៈនៅចុងខែមីនា។ យើងមិនដឹងថាតើ Everton មានចំនួនប៉ុន្មាននោះទេ ប៉ុន្តែយើងដឹងថាការខាតបង់សម្រាប់រដូវកាល 2022-2023 គឺធំណាស់ ដូច្នេះហើយពួកគេនឹងត្រូវទទួលទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ”