ខ្សែប្រយុទ្ធ Kylian Mbappe ត្រូវបានប្រធានាធិបតីបារាំងលោក Emmanuel Macron អញ្ជើញឲ្យចូលរួមពិសាអាហារពេលល្ងាច ខណះដែលគេក៏បានឃើញនូវវត្តមានរបស់ប្រធានក្លឹប Paris Saint-Germain លោក Nasser Al-Khelaifi ផងដែរ។

កីឡាករសញ្ជាតិបារាំងដ៏មានមន្តស្នេហ៍រូបនេះ ហាក់បានសម្រេចចិត្តច្បាស់ក្នុងការចាកចេញពីកីឡដ្ឋាន Parc des Princes នៅរដូវក្តៅនេះ ដោយកិច្ចព្រមព្រៀងជាមួយ Real Madrid ដូចជាបានកើតឡើងរួចទៅហើយបន្ទាប់ពីមានពាក្យចចាមអារ៉ាមអស់រយះពេលជាច្រើនឆ្នាំរួចមក។ សារព័ត៌មាន Le Parisien បានសរសេរថាលោក Macron ដែលតែងតែព្យាយាមជ្រាតជ្រែកចូលការងារផ្ទៃក្នុងរបស់ PSG បានអញ្ជើញ Mbappe ទៅកាន់វិមាន Elysee ទីក្រុងប៉ារីសជាមួយប្រធានក្លឹបលោក Al-Khelaifi ប៉ុន្តែលក្ខណៈនៃដំណើរទស្សនកិច្ចនេះក៏នឹងមានវត្តមានបុគ្គលមានឥទ្ធិពលមួយរូបទៀត ពោលគឺអធិរាជនៃប្រទេសកាតាលោក Sheikh Tamim bin Hamad Al-Thani។

យោងតាមរបាយការណ៍ដដែលក៏បានបន្ថែមទៀតថា Macron បានរៀបចំអាហារមួយកាលពីថ្ងៃអង្គារដើម្បីជាកិត្តិយសដល់ Sheikh Tamim ដោយ Mbappe និង Khelaifi ត្រូវបានស្នើសុំឱ្យចូលរួម ហើយក៏អាចនឹងមានការចូលរួមពីកីឡាករផ្សេងៗរបស់ PSG ផងដែរ។ វត្តមានរបស់ Sheikh Tamim ត្រូវបានស្នើដោយលោក Macron ចំពោះការចរចារបស់ឈ្មួញកណ្តាល ទាក់ទងនឹងបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងនៅក្នុងជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសដែលកំពុងបន្តឡើង។ ទាំង Mbappe និង Khelaifi នឹងមិនមានវត្តមានសម្រាប់កិច្ចពិភាក្សាបែបនេះទេ ព្រោះពួកគេគ្រាន់តែចូលរួមអាហារដែលរៀបចំដោយ Macron តែប៉ុណ្ណោះ៕