រថយន្តក្រុងរបស់ក្រុម Real Madrid បានជាប់ពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍មួយកាលពីថ្ងៃច័ន្ទ ខណៈពេលដែលកំពុងធ្វើដំណើរទៅកាន់ការប្រកួត Champions League របស់ពួកគេជាមួយនឹងក្រុម RB Leipzig របស់ប្រទេសអាឡឺម៉ង់។

ក្រុមរបស់លោក Carlo Ancelotti កំពុងធ្វើដំណើរទៅកាន់ប្រទេសអាឡឺម៉ង់សម្រាប់ការប្រកួតវគ្គ 16 ក្រុមចុងក្រោយរបស់ពួកគេនៅយប់ថ្ងៃអង្គារ ប៉ុន្តែយោងតាមកាសែតអាឡឺម៉ង់ Bild បានរាយការណ៍ថា រថយន្តក្រុងរបស់ Real Madrid ជាប់ពាក់ព័ន្ធក្នុងការប៉ះទង្គិចជាមួយរថយន្ត Toyota ពណ៌ស នៅលើផ្លូវ A4 ចន្លោះរវាង Eichelborn និង Hora ។ របាយការណ៍និយាយថា មានការខូចខាតតិចតួចបំផុតចំពោះឡានក្រុងរបស់ Madrid ហើយបន្ទាប់ពីឈប់មួយភ្លែតដើម្បីពិនិត្យមើលគ្រប់គ្នាថាមិនអីទេ ពួកគេបានបន្តដំណើររបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ការខូចខាតរបស់ Toyota ត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃរហូតដល់ទៅប្រមាណ 2,500 ផោន។

ប្រភពពី Real Madrid មួយបានប្រាប់សារព័ត៌មានអេស្ប៉ាញ MARCA ថា “អ្នកគាំទ្រម្នាក់ដែលកំពុងថតឡានក្រុងខណះកំពុងបើកឡានរបស់គាត់បានវង្វេងស្មារតី ហើយវេចង្កូត ហើយបានប៉ះទង្គិចជាមួយរថយន្តរបស់យើង។ យើងមិនបានចាប់អារម្មណ៍អ្វីនោះឡើយ ប៉ុន្តែអ្នកដែលជិះរថយន្តក្រុងនៅពីក្រោយយើងបានឃើញវាច្បាស់”។ ក្រុមរបស់ Madrid បានចុះចតនៅទីក្រុង Erfurt ប្រទេសអាឡឺម៉ង់ នៅព្រឹកថ្ងៃចន្ទ មុនពេលបើកបរចម្ងាយ 160 គីឡូម៉ែត្រទៅកាន់គោលដៅរបស់ពួកគេ។ ប្រភពដដែលបានអោយដឹងថាអ្នកបើកបររថយន្តកំពុងផ្លាស់ប្តូរគន្លង និងមិនបានឃើញរថយន្តក្រុង មុនពេលកញ្ចក់ផ្នែកខាងក្រៅមួយត្រូវបានបែក៕