អតីតអ្នកចាំទី PSG ចេញមកពន្យល់ពីមូលហេតុដែលក្លឹបនេះមិនអាចលើកពាន UCL ទាំងដែលមានសុទ្ធកីឡាករលំដាប់កំពូល

កំពូលអ្នកចាំទីជើងចាស់ Gianluigi Buffon ពេលនេះទើបតែសម្រេចចេញមកពន្យល់ពីមូលហេតុដែលក្លឹបធំដូចជា Paris Saint-Germain ហើយពោរពេញទៅដោយកីឡាករលំដាប់ពិភពលោកនៅតែមិនអាចលើកពាន UEFA Champions League បាន។

ក្រុមយក្សបារាំងមួយនេះគឺជាក្រុមមួយក្នុងចំណោមការបរាជ័យដ៏ល្បីបំផុតនៅពេលនិយាយអំពីក្របខ័ណ្ឌ Champions League ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ហើយអ្នកចាំទីជើងចាស់រូបនេះបានបង្ហាញពីហេតុផលនៅពីក្រោយការបរាជ័យក្នុងការប្រកួតនៅតំបន់អឺរ៉ុប ខណៈដែលគាត់បានពណ៌នាបន្ទប់ផ្លាស់សម្លៀកបំពាក់មានភាពស្មុគស្មាញជាងធម្មតា។

អ្នកចាំទីសញ្ជាតិអុីតាលីមួយនេះបានបង្ហើបពីស្ថានភាពនៅក្រៅទីលានរបស់ PSG តាមរយះកិច្ចសម្ភាសន៍មួយថា “ខ្ញុំបានផ្លាស់មកពី Juventus ដែលមានកីឡាករខ្លាំងៗរួចហើយ ប៉ុន្តែពេលខ្ញុំមកដល់ PSG ខ្ញុំគិតថា ប្រសិនបើយើងយកកីឡាករទាំងអស់នេះ ហើយនាំពួកគេទៅ Turin យើងនឹងឈ្នះ Champions League បួនដងជាប់ៗគ្នាមិនខាន។ ទោះជាយ៉ាងណាក៏ដោយ អ្វីៗគ្រប់យ៉ាងតែងតែមានគុណសម្បត្តិនិងគុណវិបត្តិរៀងៗខ្លួន។ ក្លឹបមានកីឡាករដូចជា Mbappe, Verratti, Neymar, Thiago Silva និង Marquinhos ប៉ុន្តែខ្ញុំឆ្ងល់ហេតុអ្វីពួកគេនៅតែមិនអាចឈ្នះ Champions League ព្រោះវាមានអារម្មណ៍ថាមិនអាចទៅរួចទាល់តែសោះ។ បន្ទាប់មក អ្នកយល់អំពីសក្ដានុពលជាក់លាក់ជាមួយនឹងកីឡាករធំៗជាច្រើន វាអាចក្លាយជាភាពស្មុគស្មាញ បើទោះបីជាមានបរិយាកាសល្អនៅក្នុងបន្ទប់ស្លៀកពាក់ក្នុងរដូវកាលនោះក៏ដោយ”