ខ្សែបម្រើការពាររបស់ក្លឹប Manchester City កីឡាករ Rodri ថាខ្លួនមិនមានភាពភ្ញាក់ផ្អើលអ្វីនោះឡើយនៅពេលដែលមិនជាប់ក្នុងចំណោមបញ្ជីកីឡាករកំពូលទាំងបីនៅក្នុងពាន Ballon d’Or ព្រោះពានមួយនេះផ្តោតសំខាន់តែលើការផ្សព្វផ្សាយក្នុងទីផ្សារ នឹងលុយកាក់តែប៉ុណ្ណោះ។

កីឡាករ Lionel Messi របស់ក្លឹប Inter Miami បានឈ្នះពានរង្វាន់ Ballon d’Or ជាលើកទីប្រាំបីកាលពីខែតុលាឆ្នាំមុន ដោយបានផ្តួលបេក្ខភាពខ្លាំងៗដូចជាខ្សែប្រយុទ្ធ Erling Haaland និងខ្សែប្រយុទ្ធ Paris Saint-Germain កីឡាករ Kylian Mbappe។ Rodri ដែលបានបញ្ចប់ទៅនៅលេខរៀងទី 5 តាមពីក្រោយមិត្តរួមក្រុម Kevin De Bruyne បានដាក់ជាសំណួរអំពីសុពលភាពនៃពានរង្វាន់នេះ ដោយនិយាយថា ភាគច្រើនវាស្ថិតនៅលើទីផ្សារប៉ុណ្ណោះ។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន The Mirror កីឡាកររូបនេះបានទម្លាយថា “ខ្ញុំមិនភ្ញាក់ផ្អើលទេ នេះគឺជារឿងធម្មតា។ ខ្ញុំយល់យ៉ាងច្បាស់ពីរបៀបដែលអ្វីៗដំណើរការនៅក្នុងពានរង្វាន់បុគ្គលទាំងនេះ។ ពួកគេផ្អែកលើទីផ្សារ ប្រាក់ និងការផ្សាយពាណិជ្ជកម្ម។ មានខ្សែបម្រើកណ្តាលជនជាតិអេស្ប៉ាញពីមុនជាច្រើនដែលបានធ្វើរឿងមិនគួរអោយជឿ តែនៅតែមិនទទួលបានអ្វីដែលពួកគេសមនឹងទទួលបាន។អ្វីដែលសំខាន់សម្រាប់ខ្ញុំនៅក្នុងបាល់ទាត់គឺអ្វីដែលខ្ញុំសម្រេចបានជារួម”៕