សិស្សច្បងធំត្រឡប់មកវិញហើយ! Mo Salah ចូលមកហ្វឹកហាត់វិញបន្ទាប់ពីរងរបួសមួយរយះ

Mohamed Salah ត្រូវ​បាន​គេ​ប្រទះ​ឃើញថា​ត្រឡប់​មក​វិញ​ក្នុង​ការ​ហ្វឹកហាត់​ជាមួយ Liverpool ពោរពេញទៅដោយ​ស្នាម​ញញឹម​យ៉ាង​ធំ​នៅ​លើ​មុខ​របស់​គាត់​កាល​ពី​ថ្ងៃ​អង្គារកន្លងទៅ ដោយ​បាន​ជា​សះស្បើយ​រួច​ហើយ​ពី​របួសកំឡុងការប្រកួត AFCON។

Salah មិនបានលេងឱ្យ Liverpool តាំងពីថ្ងៃចូលឆ្នាំថ្មីមកម្ល៉េះ ដោយបានរងរបួសសរសៃពួរធ្ងន់ធ្ងរក្នុងវគ្គចែកពូលពាន AFCON ជាមួយក្រុមជម្រើសជាតិអេហ្ស៊ីប ដែលបង្ខំឱ្យគាត់ត្រឡប់ទៅកីឡដ្ឋាន Anfield មុនពេលដើម្បីព្យាបាល។ កីឡាករវ័យ 31 ឆ្នាំដំបូងត្រូវបានគេរំពឹងថានឹងអវត្តមានក្នុងរយៈពេលវែង ប៉ុន្តែបានជាសះស្បើយឡើងវិញមុនកាលវិភាគ ហើយបានឈានជើងចូលក្នុងទីលានហ្វឹកហាត់នៅ Melwood នៅព្រឹកថ្ងៃអង្គារ។

ការមកដល់របស់ Salah គឺជាដំណឺងដ៏ល្អមួយសម្រាប់ក្រុមរបស់លោក Jurgen Klopp ខណះដែលក្លឹបហង្សក្រហមត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន Gtech Community Stadium ដើម្បីទៅសួរសុខទុក្ខក្រុម Brentford ក្នុងជំនួបដែលត្រូវបានជ័យជម្នះជាចាំបាច់ដើម្បីបន្តឈរលើកំពូលតារាង Premier League៕