ក្រុមប្រឹក្សានៃសមាគមបាល់ទាត់អន្តរជាតិ សម្រេចផ្អាកការប្រើប្រាស់កាតខៀវក្នុងបាល់ទាត់អាជីពជាបណ្តោះអាសន្ន

ក្រុមប្រឹក្សាភិបាលនៃសមាគមកីឡាបាល់ទាត់អន្តរជាតិ IFAB បានពន្យារពេលនៃការដាក់ឱ្យប្រើប្រាស់កាតពណ៌ខៀវ ចូលទៅក្នុងបាល់ទាត់អាជីពជាបណ្តោះអាសន្នសិន ក្រោយរងការរិះគន់ខ្លាំង។

IFAB ត្រូវបានគេរំពឹងថានឹងធ្វើការប្រកាសនៅថ្ងៃសុក្រ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការប្រើប្រាស់កាតពណ៌ខៀវ ដែលត្រូវបានសាកល្បងនៅក្នុងការប្រកួតមួយចំនួនចាប់ពីរដូវកាលក្រោយ ប៉ុន្តែ​ការ​រិះគន់​លើ​ផែនការ​ពីមជ្ឈដ្ឋានបាល់ទាត់ធំៗដូចជា FIFA បាន​នាំ​ឲ្យ​មាន​ការ​រាថយមកវិញ។ សារព័ត៌មាន ESPN រាយការណ៍ថានឹងមិនមានសេចក្តីប្រកាសណាមួយទេ រហូតទាល់តែកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំឆ្នាំរបស់ IFAB នៅដើមខែមីនា ជាពេលដែលការសាកល្បងច្បាប់ដែលបានស្នើឡើង និងការផ្លាស់ប្តូរច្បាប់ទាំងអស់នឹងត្រូវបានពិភាក្សាមុនពេលចាប់ផ្តើមធ្វើការអនុម័ត។

អ្នកបង្កើតច្បាប់បាល់ទាត់ចង់បង្កើតភាពស្រស់បំព្រងនៅក្នុងប្រភេទកីឡាមួយនេះ ដោយបានណែនាំនូវការប្រើប្រាស់កាតខៀវ នឹងការបណ្តេញកីឡាករចេញពីទីលានរយះពេល 10 នាទី ដើម្បីជាការផ្តន្ទាទោសទៅដល់កីឡាករដែលបានបង្កកំហុសដោយចេតនា រឺប្រើប្រាស់អាកប្បកិរិយាមិនសមរម្យទៅលើមន្ត្រីអាជ្ញាកណ្តាល។ ទោះជាយ៉ាងណាក្តី សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានព្យាយាមរារាំងជាបណ្តោះអាសន្ន ដោយបានបញ្ជាក់ថាប្រព័ន្ធទាំងនេះគួរតែត្រូវបានសាកល្បងនៅក្នុងការប្រកួតកម្រិតទាបជាមុនសិន៕