Karim Benzema ត្រូវបានគេរាយការណ៍ថាបានសម្រុកចេញពីការហ្វឹកហាត់របស់ Al-Ittihad បន្ទាប់ពីគាត់បានបដិសេធមិនហ្វឹកហាត់តែម្នាក់ឯង ខណៈដែលជម្លោះជាមួយលោក Marcelo Gallardo នៅតែបន្តឆាបឆេះរោលរាល។

យោងតាមសារព័ត៌មានអេស្ប៉ាញ Marca អតីតខ្សែប្រយុទ្ធរបស់ Real Madrid នៅតែបន្តមានបញ្ហារកាំរកូសនៅជាមួយ Gallardo ហើយបានជ្រើសរើសមិនអើពើនឹងការណែនាំរបស់អ្នកគ្រប់គ្រងក្នុងការហ្វឹកហាត់តែម្នាក់ឯង។ ខ្សែប្រយុទ្ធរូបនេះត្រូវបានស្នើឱ្យចាកចេញពីការហ្វឹកហាត់ជាក្រុម ខណៈដែលអ្នកចាត់ការទូទៅជឿជាក់ថាកាយសម្បទារបស់ Benzema មិនមានសភាពដូចកីឡាករដទៃក្នុងក្រុមឡើយ។ ទោះជាយ៉ាងណាក៏ដោយ ភាគីកីឡាករបានទទូចថាគាត់បានបញ្ចប់ហ្វឹកហាត់ជាលក្ខណៈបុគ្គល ខណៈដែលក្រុមស្ថិតនៅក្នុងទីក្រុង Abu Dhabi ហើយបានបង្ហាញពីបំណងរបស់គាត់ក្នុងការបន្តហ្វឹកហាត់ជាមួយនឹងក្រុមទាំងមូល។

សកម្មភាពរបស់ Benzema ជារឿងមួយដែលអាចបន្ថែមកំហឹងទៅកាន់គ្រូបង្វឹក Al-Ittihad ហើយគាត់បានជ្រើសរើសដកកីឡាករបារាំងចេញពីការប្រកួតលីកកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro League នាពេលខាងមុខទល់នឹងក្រុម Al-Tai។ ការមិនសប្បាយចិត្តរបស់ Benzema ជាមួយក្លឹបហាក់ដូចជាកាន់តែកើនឡើង ខណៈដែលគាត់ត្រូវបានគេប្រទះឃើញហ្វឹកហាត់ជាមួយកីឡាករដែលរងរបួសកាលពីថ្ងៃអង្គារ។ វាត្រូវបានគេរាយការណ៍ផងដែរថាមានការបែកបាក់ទាំងស្រុងនៃការទំនាក់ទំនងរវាង Benzema និង Gallardo ដោយអ្នកទាំងពីរស្ទើរតែមិនដែលសន្ទនាជាមួយគ្នាទាល់តែសោះ៕