ក្លឹបតោខៀវ Chelsea ចង់បានលោក Xabi Alonso ដែលបច្ចុប្បន្នជាគ្រូបង្វឹករបស់ Bayer Leverkusen មកជំនួសដំណែងអ្នកចាត់ការ Mauricio Pochettino ភ្លាមៗ ប៉ុន្តែពួកគេប្រឈមមុខនឹងការប្រកួតប្រជែងដ៏ខ្លាំងមួយ។

ក្រុមតោខៀវបានធ្លាក់ទៅចំណាត់ថ្នាក់ទី 11 ក្នុងក្របខ័ណ្ឌ Premier League បន្ទាប់ពីការរងបរាជ័យជាប់ៗគ្នាក្រោមស្នាដៃក្រុម Liverpool និង Wolves កាលពីពេលថ្មីៗនេះដោយរបូតគ្រាប់បាល់ដល់ទៅ 8 គ្រាប់ត្រឹមតែពីរប្រកួត។ កាសែត The Guardian បានរាយការណ៍ថា ការងាររបស់ Pochettino មិនស្ថិតក្រោមការគំរាមកំហែងភ្លាមៗនោះទេ ប៉ុន្តែយោងទៅតាមប្រភព Sport Zone បានទម្លាយថ្នាក់ដឹកនាំ Chelsea ចង់ជំនួសគាត់ដោយគ្រូបង្វឹក Leverkusen លោក Alonso ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ទោះយ៉ាងណាក៏ដោយ វាមិនមែនជារឿងដែលងាយស្រួលសម្រាប់ Chelsea ក្នុងការនាំយកគ្រូបង្វឹករូបនេះឡើយ។ Alonso ប្រាកដណាស់ថាចង់បញ្ចប់រដូវកាលដ៏មានសក្តានុពលជាមួយ Leverkusen ហើយគាត់នឹងមិនខ្វះខាតទីផ្សារនៅរដូវក្តៅនេះ ខណៈដែលលោក Jurgen Klopp ត្រៀមចាកចេញនៅ Anfield ហើយ Thomas Tuchel ប្រឈមមុខនឹងភាពមិនច្បាស់លាស់នៅ Bayern ។ Xabi Alonsoក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រឡប់ទៅកាន់ Real Madrid វិញផងដែរ ទោះបីជាលោក Carlo Ancelotti ទើបតែបានចុះកិច្ចសន្យាថ្មីនៅទីនោះក៏ដោយ៕