Jesse Lingard បានចែករំលែករូបថតកាបូបស្ពាយរបស់គាត់ដែលត្រូវបានត្រួតពិនិត្យនៅអាកាសយានដ្ឋាន ស្របពេលដែលអតីតតារាឆ្នើមរបស់ Manchester United រូបនេះបានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូងដើម្បីចូលរួមជាមួយក្លឹប FC Seoul។

អតីតកីឡាករជម្រើសជាតិអង់គ្លេសរូបនេះគ្មានក្លឹបលេងនោះទេ ចាប់តាំងពីត្រូវបានក្លឹប Nottingham Forest ដោះលែងនៅចុងរដូវកាល 2022-2023។ ទោះបីជាធ្លាប់បានធ្វើការសាកល្បងនៅ West Ham និង Al-Ettifaq ខណៈពេលដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុមនៅសហរដ្ឋអាមេរិក និងប្រទេសទួរគីក៏ដោយ ក៏គ្មានកិច្ចព្រមព្រៀងណាមួយបានសម្រេចនោះទេ។

Jesse Lingard បានបង្ហោះរូបភាពនៅលើបណ្តាញសង្គម Instagram របស់គាត់ដោយជាប់ជាមួយកាបូបផ្ទាល់ខ្លួនដែលមានពាក្យថា JLingz របស់គាត់ដែលត្រូវបានត្រួតពិនិត្យនៅលើជើងហោះហើរ Korean Air កាលពីថ្ងៃអាទិត្យ។ FC Seoul បានសារភាពថាពួកគេបានចាត់ទុកការផ្លាស់ប្តូរមួយសម្រាប់ Lingard ថាជារឿងដែលមិនងាយនឹងកើតឡើងដោយសារប្រវត្តិនៅក្នុងលីកកំពូលអង់គ្លេស Premier League របស់គាត់ ប៉ុន្តែពួកគេបានដាក់នូវសំណើរមួយដែលអាចទទួលយកបានសម្រាប់គ្រប់ភាគីទាំងសងខាង៕