គ្រូ Spurs ខឹងចិត្តកីឡាករលេងចិត្តឆេវឆាវពេក​ ដេញអោយឡើងទៅវាយគ្នាក្នុងទ្រុង UFC

លោក Ange Postecoglu បានប្រាប់ទៅកាន់កីឡាករក្រុម Tottenham Hotspur ឡើងទៅបញ្ចេញកំហឹងនៅក្នុងទ្រុងប្រដាល់គុនចម្រុះ UFC បន្ទាប់ពីការយកឈ្នះក្នុងជំនួបយ៉ាងសុីសាច់ហុតឈាមលើក្រុម Brentford កាលពីពេលថ្មីៗនេះ។

នៅក្នុងការប្រកួតដ៏ក្តៅគគុករវាងក្រុមទាំងពីរ ខ្សែប្រយុទ្ធ Neal Maupay ជាអ្នកនាំហេតុមុនគេ ក្រោយអបអរគ្រាប់បាល់បើកឆាករបស់ខ្លួនដូចទៅនឹងកីឡាករ James Maddison ហើយនេះជាចំណុចចាប់ផ្តើមដែលធ្វើអោយការប្រកួតកាន់តែឡើងកម្តៅពីដំបូងរហូតដល់អាជ្ញាកណ្តាលបញ្ចប់ការប្រកួត។

គ្រូបង្វឹករបស់ក្រុម Tottenham បានចេញមកនិយាយគ្មានលាក់លៀមជុំវិញបញ្ហាហិង្សារវាងកីឡាករទាំងពីរក្រុមក្នុងការប្រកួត ដោយបានលើកឡើងថា “ខ្ញុំមិនមែនជាអ្នកគាំទ្ររឿងទាំងនោះទេ ខ្ញុំមិនចូលចិត្តភាពក្លាហានដើររុញមនុស្សជុំវិញខ្លួន ប្រសិនបើអ្នកក្លាហានចំពោះរឿង ចូលទៅក្នុងទ្រុង UFC ទៅហើយខ្ញុំនឹងដឹងថាពួកគេក្លាហានប៉ុណ្ណា។ យើងមកទីនេះដើម្បីលេងបាល់ទាត់ ហើយនោះជាអ្វីដែលខ្ញុំចង់ឱ្យកីឡាកររបស់ខ្ញុំធ្វើ ពោលគឺការផ្តោតទៅលើបាល់ទាត់”