រៀមច្បងរបស់កីឡាករ Alejandro Garnacho ពោលគឺ Angel Di Maria បានផ្តល់យោបល់ទៅដល់ខ្សែប្រយុទ្ធស្លាបវ័យក្មេងរបស់បិសាចក្រហម Manchester United អោយឈប់យកត្រាប់តាម Cristiano Ronaldo ដោយងាកមកមើល Lionel Messi ជាគំរូវិញ។

Garnacho អាចត្រូវបានគេចាត់ទុកថាជាកីឡាករដែលមានសំណាងមួយផុតមួយរូប ព្រោះរូបគេធ្លាប់លេងជាមួយ Ronaldo នៅ Man United ហើយបានចាប់ដៃគូជាមួយ Messi ពេលបំពេញភារកិច្ចសម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីន ប៉ុន្តែរូបគេមិនដែលលាក់បាំងពីការស្រលាញ់នឹងចូលចិត្តខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់នោះឡើយ។

ទោះខ្លួនមានសញ្ជាតិអាហ្សង់ទីនពិតមែន តែ Garnacho បានធ្វើរឿងជាច្រើនដូចជាការប្រើប្រាស់ផលិតផលរបស់ Ronaldo រួមទាំងការអបអរគ្រាប់បាល់ដូចទៅនឹងកីឡាករវ័យ 38 ឆ្នាំ ពេលដែល Garnacho បានស៊ុតបញ្ចូលទីយ៉ាងអស្ចារ្យទល់នឹង Everton កាលពីខែវិច្ឆិកាកន្លងទៅ។ ចំពោះរឿងរ៉ាវមួយនេះ Angel Di Maria ដែលធ្លាប់ដើរលើវិថីរបស់ Garnacho បានផ្តល់ជាយោបល់ថា អ្វីដែលខ្សែប្រយុទ្ធវ័យក្មេងរបស់ Man Utd មិនគួរធ្វើគឺការអបអរគ្រាប់បាល់ដូច Cristiano ហើយគួរតែងាកមកមើលរបៀបដែល Messi អបអរពេលគេស៊ុតបញ្ចូលទីវិញ៕