ការប្រកួតដ៏អន្ទះសារដែលអ្នកគាំទ្របាល់ទាត់ចង់ឃើញរវាង Cristiano Ronaldo ទល់នឹង Lionel Messi ពេលនេះបានបាត់បង់ភាពរំជើបរំជួលទៅហើយ ដោយប្រធានក្រុម Al-Nassr មិនអាចមកជួយក្រុមក្នុងការប្រកួតជាមួយ Inter Miami បានដោយសារតែបញ្ហារបួសរបស់ខ្លួន។

Inter Miami នឹងត្រូវប៉ះគ្នាជាមួយ Al-Nassr ក្នុងការប្រកួត Riyadh Season Cup នៅថ្ងៃព្រហស្បតិ៍ ប៉ុន្តែ Ronaldo បែរជាត្រូវអង្គុយមើលការប្រកួតទាំងស្រុងពីខាងក្រៅទៅវិញ។ កីឡាករវ័យ 38 ឆ្នាំរូបនេះកំពុងមានបញ្ហាសាច់ដុំហើយនៅតែមិនទាន់អាចចូលលេងវិញសម្រាប់ក្រុមដែលមានមូលដ្ឋាននៅអារ៉ាប៊ីសាអូឌីតនៅឡើយ នេះបើតាមការបញ្ជាក់ពីគ្រូបង្វឹកលោក Luis Castro។

លោក Castro បាននិយាយនៅក្នុងសន្និសីទព័ត៌មានថា “Ronaldo កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការព្យាបាលពីរបួស ដូចនេះរូបគេនឹងត្រូវអវត្តមានពីការប្រកួតមួយនេះ។ យើងនឹងមិនបានឃើញជំនួបរវាង Ronaldo នឹង Messi នោះឡើយ”។ ដំណឹងនេះនឹងក្លាយជាការវាយប្រហារផ្លូវចិត្តដ៏ធំមួយដល់អ្នកគាំទ្រដែលបានសង្ឃឹមថានឹងឃើញកំពូលតារាទាំងពីរប៉ះគ្នាម្ដងទៀតក្នុងវគ្គចុងក្រោយនៃអាជីពបាល់ទាត់របស់ពួកគេទាំងពីរ ដែលពិភពបាល់ទាត់បានចាត់ទុកកីឡាករទាំងពីរថាជាកីឡាករបាល់ទាត់ល្អបំផុតក្នុងប្រវត្តិសាស្តបាល់ទាត់៕