Man City ប្រឈមមុខនឹងការបាត់បង់កៅអី Champions League រដូវកាលក្រោយ ប្រសិនបើខ្លួនលើកពាន Premier League មិនបាន

ម្ចាស់ពាន UEFA Champions League ក្លឹប Manchester City អាចនឹងបាត់បង់តំណែងក្នុងការប្រកួតពានលំដាប់កំពូលសម្រាប់ក្លឹបនៅអឺរ៉ុប ប្រសិនបើពួកគេមិនអាចការពារតំណែងជើងឯកលីកកំពូលអង់គ្លេស Premier League ព្រោះតែច្បាប់របស់ UEFA។

ក្រុមរបស់លោក Pep Guardiola ដែលបានឈ្នះពានធំៗបីជាប្រវត្តិសាស្ត្រក្នុងរដូវកាល 2022-2023 បច្ចុប្បន្នកំពុងតាមពីក្រោយក្រុម Liverpool ចំនួនប្រាំពិន្ទុក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេស។ ពេល​វេលា​នៅ​តែ​មានសម្រាប់ Man City ក្នុងការដេញតាមឡើងវិញ ប៉ុន្តែ​ការ​បាត់​បង់​ពានលីកកំពូលក្នុង​ស្រុក​អាច​នាំ​ឱ្យ​មាន​ការ​ខក​ចិត្ត​នៅ​កីឡដ្ឋាន Etihad ។ City Football Group ដែលជាម្ចាស់ភាគហ៊ុនធំរបស់ Man City ក៏មានភាគហ៊ុនចំនួន 44.3%  នៅក្នុងក្លឹបកំពុងឡើងកូដថ្មី Girona របស់អេស្ប៉ាញផងដែរ ដោយស្មើគ្នាជាមួយលោក Pere Guardiola ដែលត្រូវជាប្អូនប្រុសបង្កើតរបស់គ្រូបង្វឹក Man City។ បច្ចុប្បន្ននេះពួកគេកំពុងឈរនៅលើតារាងលីកកំពូលអេស្ប៉ាញ La Liga ហើយការឈ្នះពានដ៏គួរឱ្យភ្ញាក់ផ្អើលមួយជារឿងដែលអាចកើតឡើង។ ក្នុងករណីបើ Girona លើកពាន La Liga ហើយ Man City ធ្វើមិនបាននៅអង់គ្លេស នោះមានន័យថាម្ចាស់ពាន Premier League រដូវកាលមុននឹងបាត់បង់កៅអីសម្រាប់ការប្រកួត UCL នៅរដូវកាល 2024-2025។

បទប្បញ្ញត្តិរបស់ UEFA កំណត់ថាគ្មានក្រុមណាមួយដែលមកពីក្រុមកម្មសិទ្ធិតែមួយអាចប្រកួតប្រជែងគ្នាក្នុងរដូវកាលតែមួយបានទេ។ ប្រសិនបើក្រុមពីរដែលធ្វើការក្រោមកម្មសិទ្ធិរួម មានឈ្មោះលេងនៅរដូវកាលក្រោយដូចគ្នា នោះក្រុមដែលបញ្ចប់ក្នុងចំណាត់ថ្នាក់ខ្ពស់ជាងគេនឹងត្រូវឡើងមកតំណាងម្ចាស់កម្មសិទ្ធវិញ។ ដូច្នេះ ប្រសិនបើ Girona ឈ្នះ La Liga ហើយ Man City បានបញ្ចប់ក្នុងចំណាត់ថ្នាក់រងជើងឯកនៅ Premier League នោះក្រុមរបស់លោក Guardiola នឹងត្រូវធ្លាក់ទៅលេងការប្រកួត Europa League វិញ៕